នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យកំពូលទាំង១០របស់ពិភពលោករកចំណូលបានជាង២០ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ដោយៈសុខុម

ញូវយ៉ក:  លោក Israel Englander ដែលជានាយកគ្រប់គ្រងមូលនិធិការពារហានិភ័យ (Hedge Fund) នៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគពិភពលោក Millennium Management រកចំណូលបានរហូតដល់ទៅ៣,៨ ពាន់លានដុល្លារអាមេរិក ដោយធ្វើឱ្យលោករកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ២០២០ ក្នុងចំណោមនាយកគ្រប់គ្រងមូលនិធិការពារហានិភ័យទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Institutional Investor។

សារព័ត៌មាន CNA បានចុះផ្សាយកាលពីថ្ងៃទី២៣ កុម្ភៈនេះថា លោក Israel Englander រកចំណូលបាន១,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ និងរកបាន២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ ដោយវ៉ាឈ្នះលោក Chris Hohn និងលោក Jim Simons ហើយធ្វើឱ្យក្រុមវិនិយោគិនរបស់លោក ទទួលបានប្រាក់ចំណេញកើនឡើង២៦%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យ កំពូលទាំង១០ នៅក្នុងពិភពលោករកចំណូលបានរហូតដល់ទៅ២០,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង៥០% បើធៀបនឹង១៣,៤ពាន់លានដុល្លារ ដែលទទួលបានក្នុងឆ្នាំ២០១៩ ស្របពេលវីរុសកូវីដ-១៩ កំពុងឆ្លងរាតត្បាត។

យោងតាមទិន្នន័យពីក្រុមហ៊ុន Hedge Fund Research បានបង្ហាញថា មូលនិធិការពារហានិភ័យ ទទួលបានកំណើនជាមធ្យម១១,៧% ក្នុងឆ្នាំ២០២០ ស្របពេលមានការសម្រុកលក់ចេញខ្លាំងកាលពីខែមីនា និងការបិទសេដ្ឋកិច្ចទ្រង់ទ្រាយធំ ក្រោយផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ទោះជាយ៉ាងណា ប្រាក់ចំណេញជាមធ្យម របស់នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យ កំពូលទាំង១០ក្នុងពិភពលោក ទទួលបានកំណើន៤៣% ក្នុងឆ្នាំ២០២០ ដោ​យ​ក្រុមហ៊ុន Coatue Management ទទួលបានកំណើន ៦៥% ក្រុមហ៊ុន Renaissance Technologies ទទួលបានកំណើន ៧៦% ហើយក្រុមហ៊ុនTiger Global Management ទទួលបានកំណើន៤៨%។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Institutional Investor។

លោក James Simon នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យ នៅក្រុមហ៊ុន Renaissance Technologies រកបានចំណូលបាន២,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណៈលោក Chase Coleman  Simon នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យនៅក្រុមហ៊ុន Tiger Global Management រកចំណូលបាន២,៥ពាន់លានដុល្លារ ហើយលោក Ken Griffin នាយកគ្រប់គ្រងមូលនិធិការពារហានិភ័យ នៅក្រុមហ៊ុន Citadel រកចំណូលបាន១,៨ ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here