អ្នកជំនាញ ៖ បញ្ហាប្រឈម៧ចំណុចដែលភ្នាក់ងារអចលនទ្រព្យថ្មីៗតែងតែជួប

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ឆ្លងផុតឆ្នាំដែលលំបាក២០២០ដោយសារតែជំងឺកូវីដ១៩បានវាយប្រហាអាជីវកម្មជាច្រើនជុំវិញពិភពលោកឱ្យទន់ដៃជើង ខ្លះងើបលែងរួច រួមទាំងកម្ពុជា​យើង​ផងដែរ។ ឆ្នាំ២០២១នេះ ថ្វីដ្បិតតែមិនទាន់វិលទៅរកស្ថានភាពល្អដូចដើមវិញ តែយើងសង្កេតឃើញថាចរន្តសេដ្ឋកិច្ច អាជីវកម្មជាច្រើនបាននិងកំពុងស្ទុះស្ទាងើប​ឡើងវិញស្ទើរគ្រប់វិស័យរួមទាំងវិស័យអចលនទ្រព្យផងដែរ។

នៅក្នុងប្រទេសកម្ពុជា វិស័យអចលនទ្រព្យ ការអភិវឌ្ឍលំនៅដ្ឋាន សំណង់អាគារផ្សេងៗ រួមទាំងការអភិវឌ្ឍន៍ដីឡូតិ៍ផងដែរនោះ ហាក់កំពុងតែបន្តដំណើរល្អឡើងវិញ​គួរឱ្យ​គត់សម្គាល់នៅដើមឆ្នាំ២០២១នេះ។ គម្រោងកាន់តែច្រើនត្រូវការទីផ្សារ ជាពិសេសភ្នាក់ងារលក់ក៏កាន់តែមានតម្រូវការច្រើន យុវជន យុវតីក៏កំពុងហក់ប្រឡូក​ចូល​ក្នុងវិស័យមួយនេះកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារតែមើលឃើញពីការចាប់អារម្មណ៍ប្រឡូកក្នុងវិស័យអចលនទ្រព្យរបស់យុវជនខ្មែរកាន់តែច្រើន លោក វង្ស ភក្ដី ដែលជាស្ថាបនិកបណ្តុះបណ្តាលHome Business Research និងជាសហគ្រិនអចលនទ្រព្យផងដែរនោះបានយល់ឃើញពីបញ្ហាមួយចំនួនដែលភ្នាក់ងារលក់អចលនទ្រព្យថ្មីថ្មោងតែងតែជួបប្រទះនោះគឺ ៖

១- ខ្វះចំណេះដឹងក្នុងវិស័យអចលនទ្រព្យ ៖ ដោយសារតែមានការអូសទាញពីមិត្តភក្ដិ បងប្អូន រួមទាំងចិត្តចង់ខ្លួនឯងផងនោះ ភ្នាក់ងារអចលនទ្រព្យថ្មីមួយចំនួនបាន​ប្រឡូក​ទាំងមិនមានបទពិសោធន៍ និងចំណេះដឹង ចេះតែទៅលក់តាមគ្នា អ្នកខ្លះក៏ចូលទៅលក់ចំគម្រោង ឬម្ចាស់គម្រោងដែលមិនមានភាពច្បាស់លាស់ក៏មាន ដែល​ជាបញ្ហាប្រឈមមួយគួរឱ្យព្រួយបារម្ភ។

២- លក់គម្រោងដែលមិនមានស្តង់ដារត្រឹមត្រូវ ៖ មិនមែនឱ្យតែឮគេឱ្យកម្រៃជើងសារខ្ពស់សប្បាយចិត្តចុះទៅថតរូបផុសផ្សព្វផ្សាយភ្លាមនោះទេ ភ្នាក់ងារលក់ទាំងអស់​ត្រូវពិនិត្យមើលលក្ខខណ្ឌផ្លូវច្បាប់បើកក្រុមហ៊ុន លិខិតអនុញ្ញាសាងសង់ បានសុំច្បាប់អភិវឌ្ឍន៍ពីម្ចាស់គម្រោងផង។ មួយវិញទៀតយើងក៏ត្រូវមើលទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការបែងចែកទំហំផ្លូវ ទំហំឡូតិ៍ ឬល្វែងនីមួយៗ ប្រសិនបើគម្រោងដីឡូតិ៍ ឬផ្ទះល្វែងណាមួយដែលមានផ្លូវក្រោម៨ម៉ែត្រគឺខុសស្តង់ដារដែល​ខាង​ក្រសួងបាន​កំណត់ ភ្នាក់ងារទាំងអស់មិនគួរលក់គម្រោងនោះឡើយ បើសិនជាលក់គម្រោងបែបនោះនឹងធ្វើឱ្យយើងខាតពេលវេលា ហើយអាចនឹងប្រឈមនូវបញ្ហាឈឺក្បាល​ជា​ច្រើន។

៣-ខ្វះភាពតស៊ូ ឆាប់បោះបង់ ៖ គ្មានការងារណាដែលមិនមានការលំបាកនោះទេ ឬនិយាយឱ្យស្រួលស្ដាប់ការរកលុយវាមិនស្រួលដូចយើងចាយលុយនោះទេ។ បើសិនជាយើងពិតជាស្រឡាញ់អាជីពមួយនេះមែន ទោះបីមានការលំបាកយ៉ាងណាគួរតែបន្តធ្វើវាទៅមុខទៀត ការលំបាកពិតប្រាកដគឺជាការដែលយើងមិនព្រមបើក​ចិត្ត​ទទួលយកការពិត បំលែងការងារទាំងអស់នោះឱ្យទៅជារឿងសាមញ្ញៗ ការអភិវឌ្ឍចំណេះដឹងថ្មីៗជាប្រចាំ ស្វែងរករៀមច្បងដែលមានបទពិសោធន៍ដើរ​ជាមួយ​រៀន​សូត្រពីគាត់ឱ្យបានច្រើន នោះយើងនឹងរកឃើញវិធីងាយៗដែលអាចបន្តដំណើរទៅមុខទៀតបានជាក់ជាមិនខាន។

៤-ភាពភ័យខ្លាច ៖ ឃើញគេធ្វើបានលុយច្រើនចិត្តក៏ចង់ធ្វើដែរ តែស្ដាប់រឿងមិនល្អច្រើនក៏កើតទៅជាអារម្មណ៍ភ័យខ្លាច ភ័យរហូតទាំងដែលរឿងមិនដែល​បាន​ជួប​ក៏មាន ការខ្លាចវាជាជំងឺមួយដែលរារាំងក្ដីសុបិនរបស់យើង ហើយថ្នាំដែលអាចព្យាបាលបានគឺមានតែការអនុញ្ញាតឱ្យខ្លួនឯកបានសាកល្បងអ្វីដែលថ្មី បើគិតថាខ្លួនឯង​ទៅ​មិនរួចទេមិនមែនបានន័យថាយើងអសមត្ថភាពនោះទេ ប្រហែលជាយើងមិនទាន់បានស្វែងយល់ការងារនេះឱ្យស៊ីជម្រៅតែប៉ុណ្ណោះ។ យើងសាកស្រមៃមើលថា​ផ្ទះដែលយើងមែនដែលស្គាល់ឱ្យយើងគេងម្នាក់ឯងមួយយប់ ច្បាស់ណាស់អារម្មណ៍យើងពិតជាមិនមានក្ដីសុខ និងរសាប់រសល់ពេញមួយយប់មិនខាន មិនដូចផ្ទះ​ដែលយើងធ្លាប់គេងជារៀងរាល់ថ្ងៃនោះទេ។

៥- លក់គម្រោងស្របច្បាប់តែខុសតំបន់ ៖ ឧស្សាហ៍ព្យាយាមគឺជារឿងល្អ តែបើឧស្សាហ៍ខុសរឿងនឹងធ្វើឱ្យយើងខាតពេលវេលា ខាតលុយកាក់មិនខានឡើយ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់ដែលបានប្រឡូកក្នុងវិស័យដីឡូតិ៍ឆ្នាំ២០១៦ កាលណោះមិនចេះមិនដឹងស្អី ឱ្យតែគេហៅទៅលក់គឺលក់ហើយ ទៅអង្គុយនៅខ្ចុះពីព្រឹកទល់ល្ងាចដូចអ្នកតាចំតូបអញ្ចឹងគ្មានភ្ញៀវណាម្នាក់មកសួរនាំទេ តែពេលក្រោយមានបទពិសោធន៍ខ្លះទើបដឹងថាគម្រោងនោះគឺជាការអភិវឌ្ឍន៍ខុសតំបន់។ តំបន់ដែលយើងគួរចុះកុងត្រាលក់គម្រោងគឺជាតំបន់ដែលមានការអភិវឌ្ឍន៍ច្រើនដែលស្របជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឬយើងអាចមើលបានតាមរយៈគម្រោងធំៗដែលមាននៅក្បែរគម្រោងដែលយើងចង់លក់នោះ បើមានគម្រោងធំៗនៅជិតនោះយើងអាចសន្មត់បានថាតំបន់នោះប្រាកដជាមានការអភិវឌ្ឍន៍ធំទៅថ្ងៃខាងមុខជាក់ជាមិនខានឡើយ។

៦- ភ្នាក់ងារនាំភ្នាក់ងារ ៖ ចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យដំបូង យើងមិនចេះមើលទេថានរណាជាអ្នកទិញ នរណាជាអ្នកលក់ដូចគ្នានោះ ពេលខ្លះខាតពេលវេលាមួយថ្ងៃពេញដោយសារតែនាំអ្នកលក់ដូចគ្នាដើរមើលដី ប៉ាវបាយប៉ាវកាហ្វេទៀត ព្រោះស្មានតែជាអ្នកទិញមែនទែន។ ជាភ្នាក់ងារលក់អចលនទ្រព្យត្រូវតែច្បាស់ថានរណាជាអតិថិជនគោលដៅរបស់យើង នរណាជាភ្នាក់ងារស៊ីកម្រៃជើងសារ ទើបមិនធ្វើឱ្យខាតពេលវេលានាំគេឱ្យស្គាល់ទីតាំងដែលយើងកាន់អស់។ កុំខ្លាច សួរត្រង់ៗក៏បាន បើជាភ្នាក់ងារដូចគ្នាជួយរកភ្ញៀវដាក់មកកម្រៃជើងសារយើងចែកគ្នាតាមនឹង ប្រសើនបើអ្នកទិញមែនឱ្យគាត់ប្រាប់ពីគោលបំណង់ច្បាស់លាស់ និងលទ្ធភាពដែលអាចទិញបាន យើងក៏កាន់តែងាយស្រួលរកដី ឬផ្ទះឱ្យត្រូវជាមួយនឹងតម្រូវការរបស់អតិថិជនតែម្ដង។

៧- ប្រឡូកក្នុងវិស័យអចលនទ្រព្យតែមិនដឹងលក់ផ្នែកណាមួយ ៖ ជាការពិតណាស់ ពេលចូលប្រឡូកក្នុងវិស័យអចលនទ្រព្យដំបូង យើងពិតជាពិបាកនៅក្នុងការសម្រេចចិត្តថាតើយើងគួធ្វើផ្នែកណាមួយឱ្យត្រូវនឹងចំណង់ចំណូលចិត្តយើងណាស់ ដោយសារតែផលិតផលនៅក្នុងវិស័យអចលនទ្រព្យមានច្រើនប្រភេទ ឱ្យតែមានគម្រោងគេហៅទៅលក់ក៏ចេះតែទៅលក់ហើយ ពេលខ្លះលក់គ្រប់មុខ តែលទ្ធផលខ្លះក៏អត់បានផលគ្រប់មុខដែរ។ សម្រាប់ភ្នាក់ងារថ្មីថ្មោងជាជម្រើសល្អបំផុតគួរលក់គម្រោងណាដែលមានតម្លៃធូរលក្ខខណ្ឌសាមញ្ញៗ និងងាយស្រួលនៅក្នុងការស្វែងរកអតិថិជនគោលដៅ មិនសាំញ៉ាំច្រើន ងាយនៅក្នុងការដកលុយកម្រៃជើងសារដើម្បីជាកម្លាំងចិត្តបន្តទៅមុខទៀត។

លោក វង្ស ភក្ដី ដែលជាគ្រូបណ្តុះបណ្តាលផ្នែកលក់គម្រោងក៏បានបន្តទៀតថា បើចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យឈរជើងឱ្យបានរឹងមាំ ភ្នាក់ងារអចលនទ្រព្យថ្មីៗទាំងអស់ត្រូវតែមានការតាំងចិត្តអត់ធ្មត់ខ្ពស់ តស៊ូកុំបោះបង់ ព្រោះវិស័យមួយនេះមិនមែនធ្វើមួយថ្ងៃ ឬមួយខែទទួលបានលទ្ធផលល្អដូចដែលយើងស្រមៃចង់បាននោះទេ ទាមទារឱ្យយើងបំពេញនូវលក្ខខណ្ឌកត្តាជាច្រើន ការអភិវឌ្ឍខ្លួនជាប្រចាំ កុំថ្នមខ្លួនពេកព្រោះកន្លែងដែលយើងបានលុយមិននៅក្នុងបន្ទប់ការិយាល័យម៉ាស៊ីនត្រជាក់នោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here