ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហុងកុងរបស់ប្រទេសចិនកំពុងប្រឈមមុខជាមួយនឹងវិបត្តិអចលនទ្រព្យពាណិជ្ជកម្ម ដោយបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតតូច និងមធ្យម ក៏ដូចជាធនាគារកំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើង។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។
លោក Joseph Tsang ប្រធានសាខាក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL ប្រចាំនៅទីក្រុងហុងកុងបានព្យាករណ៍ថា តម្លៃអចលនទ្រព្យពាណិជ្ជកម្មនឹងធ្លាក់ចុះចាប់ពី៥ភាគរយទៅ១០ភាគរយបន្ថែមទៀតនៅឆ្នាំ២០២៥។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post។
យោងតាមលោក Joseph Tsang បានឱ្យដឹងទៀតថា ការព្យាយាមដាក់លក់អចលនទ្រព្យពាណិជ្ជកម្ម ដូចជាអគារការិយាល័យ ឬហាងលក់ទំនិញ ក្នុងកម្រិតតម្លៃបច្ចុប្បន្ន អាចបណ្តាលឱ្យមានការខាតបង់យ៉ាងធំ។ ហេតុនេះ ម្ចាស់អចលនទ្រព្យជាច្រើនអាចបដិសេធមិនព្រមលក់ ដោយធ្វើឱ្យទីផ្សារបន្តជាប់គាំង។
លោកបានលើកឡើងថា ប្រសិនបើបណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគមិនអាចប្រមូលសាច់ប្រាក់តាមរយៈការលក់អចលនទ្រព្យពាណិជ្ជកម្មបានទេ នោះពួកគេអាចនឹងងាកទៅលក់លំនៅដ្ឋាន ជាពិសេសផ្នែកប្រណីត។
ការណ៍នេះអាចនាំឱ្យចំនួននៃការចុះបញ្ជីដាក់លក់លំនៅដ្ឋានប្រណីតលើទីផ្សារកើនឡើងលើសតម្រូវការ និងធ្វើឱ្យតម្លៃផ្ទះប្រណីតធ្លាក់ចុះ ព្រមទាំងអាចជះផលប៉ះពាល់ដល់ការចំណាយ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់៕ប្រភព: SCMP៕