ប្រធាន​ធនាគារកណ្ដាល​របស់​អឺរ៉ុប ទទូច​សុំ​ប្រទេស​នានា​កុំ​ដក​កម្មវិធី​ទ្រទ្រង់សេដ្ឋកិច្ច​ក្នុង​ពេលនេះ

ដោយៈ​សុខុម

សហគមន៍​អឺរ៉ុបៈ  អ្នកនយោបាយ​មួយចំនួន បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាច​ប្រទេស​នានា​ខ្ចីប្រាក់​ច្រើនពេក ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មួយឆ្នាំ​ខាងមុខនេះ។ ទោះជា​យ៉ាងណា លោកស្រី Christine Lagarde ដែលជា​ប្រធាន​ធនាគារកណ្ដាល​របស់​អឺរ៉ុប (European Central Bank) មិន​បារម្ភ​ដូច​អ្នក​ទាំង​នោះឡើយ។

ប្រធាន​ធនាគារកណ្តាល​របស់​អឺរ៉ុប រូបនេះ​បាន​ប្រាប់​សារព័ត៌មាន CNN Business កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កុម្ភៈ​ថា អ្វីដែល​លោកស្រី​ភ័យខ្លាច​បំផុត​នោះ គឺ​មិនមែន​ខ្លាច​សហភាព​អឺរ៉ុប ជំពាក់​បំណុល​គរ​ដូច​ភ្នំ​ឡើយ។ ផ្ទុយទៅវិញ គឺ​លោកស្រី​ខ្លាច​រដ្ឋាភិបាល​នានា ដក​កម្មវិធី​ទ្រទ្រង់​សេដ្ឋកិច្ច​ដូចជា​ការធានា​លើ​ការងារ និង​ការ​ទ្រទ្រង់​ប្រាក់ចំណូល​ដល់​ពលរដ្ឋ មុន​វិបត្តិ​កូ​វីដ-១៩ កញ្ចប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បាន​សង្កត់ធ្ងន់ថា “កម្មវិធី​ទ្រទ្រង់​សេដ្ឋកិច្ច​បែបនេះ ត្រូវតែ​កាត់បន្ថយ “បន្តិចម្ដង” និង​ដោយ​ប្រុងប្រយ័ត្ន​បំផុត គឺ​មិនមែន​កាត់ចោលភ្លាមៗ ក្នុងពេល​នេះឡើយ” ។

រដ្ឋាភិបាល​នានា​បាន​ទម្លាក់​កញ្ចប់​ថវិកា សង្គ្រោះ​រាប់​ទ្រី​លាន​ដុល្លារ ក្នុង​ឆ្នាំ​កន្លងទៅ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច ដែល​បាន​ដាំ​ក្បាល​ចុះ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដោយ​បន្ថែម​ពីលើ​ការជួយ​គាំទ្រ មិន​ធ្លាប់មាន​ពី​បណ្ដា​ធនាគារកណ្តាល ដូចជា​ធនាគារកណ្ដាល​របស់​អឺរ៉ុប​ជាដើម។

ក្រុម​មេដឹកនាំ​អឺរ៉ុប ក៏បាន​អនុម័ត​ទម្លាក់​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន ១,៨ ទ្រី​លាន​អឺរ៉ូ (១,៨ ទ្រី​លាន​ដុល្លារ) ផងដែរ​ដើម្បី​ជួយ​ពង្រឹង​សេដ្ឋកិច្ច របស់​ប្លុក​អឺរ៉ុប​ឡើងវិញ​នៅពេល​វិបត្តិ​កូ​វីដ-១៩ កញ្ចប់។

ប៉ុន្តែ​លោកស្រី Christine Lagarde បាន​សង្កត់ធ្ងន់ថា ទោះបី​សេដ្ឋកិច្ច​ចាប់ផ្តើម​មាន​ស្ថានភាព​ល្អប្រសើរសន្សឹមៗ ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​ក៏ដោយ ក៏​ក្រុម​អ្នកនយោបាយ​មិនគួរ​ដក​កម្មវិធី​ទ្រទ្រង់​សេដ្ឋកិច្ច មុនពេល​កំណត់​នោះដែរ ព្រោះ​វា​ត្រូវការ​ពេលវេលា​វែង។

កាលពី​ខែធ្នូ​ចុងឆ្នាំ២០២០កន្លងមកនេះ ធនាគារកណ្តាល​របស់​អឺរ៉ុប​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​អឺរ៉ុប នឹង​ទទួលបាន​កំណើន៣,៩% ក្នុង​ឆ្នាំ២០២១ នេះ ហើយ​កំណើន​នឹង​ឈានដល់​កម្រិត​មុន ពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ នៅត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here