ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សីសម្រេចបានទំហំទឹកប្រាក់ជាង៦០លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្សី សម្រេចបានទំហំទឹកប្រាក់៦៣,៨១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ កើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់៥៥.៣៦លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្ន័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្សី ត្រូវបានចេញផ្សាយកាលកាលពីម្សិលម៉ិញ ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី។

កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ មានការចូលរួមពីលោកសំហេង បូរ៉ាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន។

លោកសំហេង បូរ៉ាបានឲ្យដឹងពីសាវតានៃ គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ចំនួន៥រួមមាន ១) ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ ២) ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និងបណ្តាញផ្តល់សេវាកម្ម ៣) ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង ៤) ការផលិតល្បាយអ៊ីសូឡង់ ការពារកម្តៅបានមកពីអង្កាម និងចំបើង និង៥)ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។

លោកបានថ្លែងថា គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់ឱកាសធុរកិច្ចថ្មី សម្រាប់វិស័យឯកជន របស់ភាគីទាំងពីរ ក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ម្យ៉ាងវិញទៀតតាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ជំរុញគម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខនឹងអាចផ្តល់ឱកាស ក្នុងការចាប់ផ្តើមចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here