រដ្ឋាភិបាលបានត្រៀមទុនបម្រុង៥០០លានដុល្លារទ្រទ្រង់ដល់ SMEs ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញៈរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ចំពោះវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដោយបានត្រៀមទុនបម្រុងសម្រាប់ស្ដារវិស័យសេដ្ឋកិច្ច តាមរយៈអភិវឌ្ឍន៍វិស័យ SMEs ខណៈវិស័យ SMEs នៅតែមានសារសំខាន់ ក្នុងការកសាងសេដ្ឋកិច្ច និងជន្ទល់ដ៏រឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងកាលពីថ្មីៗនេះថា ឆ្នាំ២០២០កន្លងទៅ វិស័យនានា ទ្រទ្រង់កំណើនសេដ្ឋកិច្ចបានរងគ្រោះ ដោយសារតែវិបត្តិកូវីដ១៩ ហើយរដ្ឋាភិបាលក៏ចេញវិធានការបន្ទាន់ជាបន្តបន្ទាប់ ដូចជាការលើកលែងពន្ធ ការជំរុញសកម្មភាពទេសចរណ៍ ក្នុងប្រទេសមកខេត្តសៀមរាប និងការអនុគ្រោះជាច្រើនទៀតដល់វិស័យដែលប៉ះពាល់ ដើម្បីកាត់បន្ថយផលប៉ះពាល់លើអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់វិធានការរយៈពេលមធ្យម និងវែង រាជរដ្ឋាភិបាលកម្ពុជា បានដកថវិកាចំនួន១ពាន់លានដុល្លារអាមេរិកពីទុនបម្រុងជាតិ ដើម្បីគាំទ្រដល់ការចំណាយ ប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩ និងដើម្បីទ្រទ្រង់ ជំរុញនិងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងបានបម្រុងទុកថវិកាប្រមាណ៥០០លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា។

លោកតែ តាំងប៉រប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា ទោះបីកម្ពុជានិងពិភពលោកជួបបញ្ហាដោយសារតែកូវីដ១៩ក្ដី តែសហគ្រាសមួយចំនួននៅតែបន្តដំណើរការរបស់ខ្លួន ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នងុស្រុក តែបើចង់ឱ្យសហគ្រាសក្នុងស្រុកកាន់តែរីកចម្រើនថែមទៀតនោះ រដ្ឋាភិបាលគប្បីកាត់បន្ថយនាំចូលទំនិញណាដែលកម្ពុជាមានលទ្ធភាពក្នុងការផលិត។

លោកបានបន្តថា ការធ្វើដូច្នេះ នឹងជំរុញដល់ការផលិតផលក្នុងស្រុកបានកាន់តែច្រើន និងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសទៀតផង។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បានឱ្យដឹងផងដែរថា ក្នុងឆ្នាំ ២០២១នេះ ធនាគារបានត្រៀមទុនប្រមាណ៦០០លានដុល្លារអាមេរិកផងដែរ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងពេលដែលវិស័យនេះ មានសារសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here