ក្រសួងពាណិជ្ជកម្មៈ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ីនៅតែមានភាពល្អប្រសើរ ទោះស្ថិតក្នុងវិបត្តិ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នៅតែមានភាពល្អប្រសើរ ថ្វីត្បិតតែនៅក្នុងបរិការណ៍កូវីដ-១៩ក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ១៥% ពី ៥៥,៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទៅ ៦៣,៨១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគផ្តល់ដោយសហព័ន្ធរុស្ស៊ី សំដៅត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី។

តាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ជំរុញគម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ នឹងអាចផ្តល់ឱកាសក្នុងការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី។

គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី មានចំនួន៥ ក្នុងរួមមាន (១) ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ (២) ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និង បណ្តាញផ្តល់សេវាកម្ម (៣) ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង (៤) ការផលិតល្បាយអ៊ីសូឡង់ការពារកម្តៅបានមកពីអង្កាម និងចំបើង និង (៥) ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។

គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់នូវឱកាសធុរកិច្ចថ្មីសម្រាប់វិស័យឯកជនរបស់ភាគីទាំងពីរក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

កម្ពុជា-រុស្ស៊ីបានបង្ហាញនូវការគាំទ្រ និងបេ្តជ្ញាចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង រុស្ស៊ី លើការអនុវត្តគម្រោងវិនិយោគអាទិភាពរួម ដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការផ្ទេរនូវបច្ចេកវិទ្យា វិធីសាស្រ្តគ្រប់គ្រង និងការបង្កើតនូវឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here