គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកពីរ រួមគ្នាជំរុញការទូទាត់តាមប្រព័ន្ធឌីជីដលនៅកម្ពុជា

ដោយលក្ខិណា

ភ្នំពេញៈ ធនាគារអេស៊ីលីដាភីអិលស៊ី និងគ្រឹះស្ថានឃេសអ៊ិននើវេសិនម.កបានប្រកាសពីភាពជាដៃគូរលើកិច្ចសហប្រតិបត្តិការជំរុញការទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២៣ កក្កដា ២០២០នេះ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់ដកប្រាក់របស់ស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះកិច្ចសហការរវាងស្ថាប័នទាំងពីរក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការធ្វើប្រតិបត្តិការដូចជា ១  ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ២  ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក និង ៣  អតិថិជនរបស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក អាចដកនិងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត។

លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱ្យអតិថិជន និងសាធារណជនទាំងអស់ ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់ និងដាក់ដកប្រាក់ ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្មឌីជីថលឱ្យសម្បូរបែប ដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជន ក្នុងការជួយលើកស្ទួយ ជីវភាពឱ្យកាន់តែប្រសើរឡើង។

លោកPes Kimsrean ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានមានប្រសាសន៍ថា លោកមានទស្សនៈវិស័យចំពោះ ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យាតាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ។ នៅពេលដែលលោកធ្វើការបញ្ជាទិញ ទំនិញលើ Platform Alibaba បានធ្វើអោយលោកមានគំនិតក្នុងការបង្កើតមុខរបរនេះតាំងពីពេលនោះមក។

លោកបានផ្ដួចផ្ដើមគំនិត និងស្វែងរកមិត្តភក្តិដែលមានជំនាញផ្នែកនេះ តាមដែលអាចធ្វើ ទៅបាន រហូតដល់សុបិនក្លាយជាការពិត។

លោកបន្តថា ពួកយើងបានចាប់ផ្ដើមការងារនេះ អស់រយៈពេលប្រហែលជាបីឆ្នាំ មកហើយ។ លោកបន្តថា វាសមល្មមនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីនេះ នៅលើទីផ្សារបាន។ KESS CHAT ផ្សារភ្ជាប់ជាមួយ កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ អ្នកផ្គត់ផ្គង់ អាចទទួលបានការទូទាត់តាមរយៈ Wechat / Alipay/Visa Card, Mastercard និងកាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារអេស៊ីលីលដា គិតត្រឹមខែកក្កដា ២០២០នេះ ធនាគារអេស៊ីលីដា មានអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារឌីជីថល អេស៊ីលីដាទាន់ចិត្តជាង១,៥លាននាក់ ដែលធ្វើអោយវិសាលភាពនៃការទូទាត់តាមបច្ចេកវិទ្យារបស់ធនាគារអេស៊ីលីដាកាន់តែធំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here