ចំណេះដឹង! រូបមន្តសន្សំលុយ៤យ៉ាងដែលគួរអនុវត្តន៍ដើម្បីគេចផុតពីបំណុលក្នុងជីវិត

ដោយ៖ លក្ខិណា

ភ្នំពេញ៖ មនុស្សម្នាក់ៗ តែងតែពិបាកក្នុងការចាត់ចែងចំណាយប្រចាំថ្ងៃប្រចាំខែរបស់ខ្លួន ដោយសារតែចំណូល និងចំណាយមិនស៊ីមេទ្រីនឹងគ្នា ប៉ុន្តែការសន្សំលុយកាក់ និងការចំណាយនេះ ក៏មានរូបមន្តរបស់វាដែរ ដើម្បីកុំការចំណាយខ្ពស់ហួសពីចំណូលរបស់ខ្លួន។

ថ្ងៃនេះ Cambodiafinancialtimes សូមលើកយករូបមន្ត៤យ៉ាងមកចែកជូនអ្នកអានទាំងអស់ស្វែងយក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបមន្ត ៥០/៣០/២០ = ៥០ភាគសម្រាប់ការចំណាយចាំបាច់ ៣០ភាគរយសម្រាប់ការចំណាយលើចំណង់ និង២០ភាគរយសម្រាប់សន្សំឬក៏សងបំណុល។ វិធីសាស្ត្រនេះមានភាពស្មុគ្រស្មាញបន្តិច ហើយអ្នកប្រើប្រាស់រូបមន្តនេះពិបាកបន្តិច ក្នុងការបែងចែករវាងតម្រូវការ និងចំណង ត្បិតថាតម្រូវការខ្លះក៏អាចស្ថិតនៅក្នុងចំណង់បានដែរ ដូចជាសម្លៀកបំពាក់ជាតម្រូវការចាំបាច់ តែសម្លៀកបំពាក់ខ្លះក៏មិនមែនជាតម្រូវការចាំបាច់ដែរ។

វិធីសាស្ត្រនេះ សមស្របសម្រាប់ប្រើប្រាស់ទៅលើបុគ្គលដែលមានស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោមនេះ៖

• អ្នកដែលមានបំណុលតិចឬគ្មានបំណុលសោះ។
• អ្នកដែលមានតម្រូវការចាំបាច់ប្រចាំខែមិនលើសពីពាក់កណ្ដាលនៃប្រាក់ខែ។
• អ្នកដែលអាចចេះគ្រប់គ្រងការចំណូលចំណាយបានល្អ។
• អ្នកដែលអាចបែងចែកដាច់រវាងតម្រូវការ សេចក្ដីត្រូវការ និងការសន្សំ។
• អ្នកដែលបានអនុវត្តការគ្រប់គ្រងលុយកាក់មកជាយូរហើយ។

រូបមន្ត៧០/២០/១០ ជាវិធីសាស្ត្រមិនខុសគ្នាប៉ុន្មាននោះទេ គឺ៧០ សម្រាប់ការចំណាយចាំបាច់ និងចំណាយលើចំណង់ ២០ជាការសន្សំ និង១០ភាគរយជាបំណុល។ ក្នុងវិធីសាស្ត្រមួយនេះ ត្រូវដកចំណូលប្រចាំខែចំនួន ៧០% សម្រាប់ចំណាយលើការប្រើប្រាស់ប្រចាំខែ (ទាំងតម្រូវការ និងសេចក្ដីត្រូវការ) ហើយ ២០% ទៀតយើងត្រូវដកសម្រាប់បំណុល និង ១០% ទៀតសម្រាប់ការសន្សំ។

វិធីនេះសម្រាប់ អ្នកដែលត្រូវការចំណាយច្រើនជាប្រចាំខែ អ្នកដែលកំពុងមានបំណុល(ច្រើន)និងអ្នក មានគោលដៅសន្សំ (រយៈពេលវែង និងខ្លី) ។

រូបមន្ត ៨០/២០ ធ្វើឡើងដោយបែងចែកការចំណាយប្រចាំខែ ទៅជាពីរផ្នែក ប៉ុណ្ណោះ។ មួយផ្នែកដែលស្មើនឹង ៨០% នៃចំណូលសរុបត្រូវរៀបចំសម្រាប់ ការចំណាយទូទៅប្រចាំខែ (ទាំងតម្រូវការចាំបាច់ សេចក្ដីត្រូវការ និងសងបំណុល) ហើយទឹកប្រាក់ចំនួន ២០% ដែលនៅសល់គឺត្រូវទុកសម្រាប់ការសន្សំក្នុងគោលបំណងរយៈពេលវែង និងខ្លីរបស់យើង។

អ្នកដែលស័ក្តិសមមសម្រាប់វិធីសាស្ត្រនេះគឺ៖

• អ្នកដែលចូលចិត្តចំណាយលុយលើខ្លួនឯងជាមុន (Pay yourself first)។
• អ្នកដែលទើបតែរៀនពីការចាយវាយបែបមានច្បាប់ទម្លាប់ (Rule of Spending money) ស័ក្តិសមបំផុតសម្រាប់សិស្ស និស្សិតជាដើម។
• អ្នកដែលមិនចង់រៀបចំផែនការស្មុគស្មាញច្រើន។
• អ្នកដែលមិនទាន់អាចកំណត់តម្រូវការ និងចំណង់បានត្រឹមត្រូវនៅឡើយ។

រូបមន្តមួយទៀត ៥០/១៥/៥ ជាវិធីសាស្ត្រក្នុងការធ្វើផែនការចំណាយមួយ ដែលអាចធ្វើឲ្យអ្នកភាន់ច្រលំបន្តិច ដ្បិតអី បើបូកបញ្ចូលគ្នានូវតួលេខរបស់វាគឺបានត្រឹមតែ ៧០% តែប៉ុណ្ណោះ ចុះចំណែកទឹកប្រាក់ ៣០% ទៀតត្រូវបានបាត់បង់ទៅណា។

៥០/១៥/៥ គឺជាវិធីសាស្ត្រដែលបែងចែកចំណូលរបស់អ្នកចំនួន ៥០% សម្រាប់ប្រើប្រាស់ទៅលើតម្រូវការចាំបាច់ ចំណង់ និងដោះស្រាយបំណុល ហើយចំណូល ១៥% សម្រាប់សន្សំទុក ដើម្បីប្រើប្រាស់ពេលចូលនិវត្ដន៍ ៥% ទៀតសម្រាប់ចំណាយមិនរំពឹងទុក។

រីឯ ៣០% វាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងរបស់អ្នក ដោយអ្នកអាចយកទៅបន្ថែម សម្រាប់សន្សំប្រាក់ចូលនិវត្តន៍ ដោះស្រាយបំណុលជាដើម។ គោលបំណលធំ នៃរូបមន្តនេះ គឺសម្រាប់បុគ្គលណា ដែលចង់មានប្រាក់ចូលនិវត្តន៍ ឬប្រាក់ក្នុងគ្រាមានអាសន្នច្បាស់លាស់។

សម្រាប់អ្នក ដែលយកវិធីសាស្ត្រនេះទៅប្រើ អ្នកគួរតែ៖
• អ្នកដែលចង់សន្សំប្រាក់សម្រាប់ចូលនិវត្តន៍ និងប្រាក់គ្រាមានអាសន្ន។
• អ្នកដែលចង់មានបំណុលតិច។
• អ្នកដែលមានតម្រូវការចាំបាច់តិច។
• អ្នកមានផែនការជីវិតវែងឆ្ងាយ ។

រូបមន្តនៃការគ្រប់គ្រងលុយកាក់នីមួយៗមានលក្ខណៈខុសៗគ្នាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ ការគ្រប់គ្រងការវាយអាចនឹងមានលក្ខណៈពិបាកសម្រាប់អ្នកដែលទើបតែរៀនគ្រប់គ្រងដំបូង ប៉ុន្តែយូរឆាប់អ្នកមុខជាអាចសម្របខ្លួនពីការគ្រប់គ្រងនេះ។ ប្រសិនបើអ្នកទើបតែរៀនគ្រប់គ្រងលុយកាក់ដំបូងៗ សូមទឹកចិត្តអ្នកឱ្យប្រើប្រាស់រូបមន្ត ៨០/២០ ជាជំហានដំបូងគ្រប់គ្រងការវាយប្រចាំថ្ងៃរបស់អ្នក។ រូបមន្តទាំងនេះ ត្រូវបានដកស្រង់ចេញពីប្រភពកាក់សេន ជាក្រុមអ្នកជំនាញហិរញ្ញវត្ថុមួយក្រុមនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here