អាជីវករលក់ជ្រូកខ្វៃទទួលបានការកុម្ម៉ង់រាប់រយក្បាលក្នុងមួយថ្ងៃ ខណៈពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមកាន់តែខិតជិតមកដល់ នៅក្នុងប្រទេសកម្ពុជាក៏ទទួលឥទ្ធិពលពីពិធីបុណ្យចូលឆ្នាំមួយនេះដែរ ជាក់ស្ដែងក្នុងពេលពិធីនេះកាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋកម្ពុជា ដែលមានជាប់សាច់ឈាមកាត់ចិន ក៏បានត្រៀមរៀបចំទិញសម្ភារៈសម្រាប់ទទួលក្នុងថ្ងៃនោះរួចហើយ។

ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតមកដល់នាពេលខាងមុខដ៏ខ្លី អាជីវកម្មលក់ជ្រូកខ្វៃ កំពុងមមាញឹក ក្នុងការទទួលការកុម្ម៉ង់ ពីសំណាក់អតិថិជន ដោយក្នុងនោះ គ្រាន់តែជ្រូកខ្វៃក្នុងហាងមួយមានអ្នកកុម្ម៉ង់ដល់ទៅ៤០០ក្បាលក្នុងថ្ងៃចូលឆ្នាំចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាយ សុគន្ធា អ្នកលក់ជ្រូកខ្វៃក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា រហូតមកដល់ពេលនេះ លោកបានទទួលការកុម្ម៉ងជ្រូកខ្វៃពីសំណាក់អតិថិជនសម្រាប់សែន ក្នុងពិធីចូលឆ្នាំចិន រហូតដល់៤០០ក្បាល ហើយបើសិនជាលោកនៅតែបន្តទទួលការកុម្ម៉ង់ទៀត គឺនៅតែមានអតិថិជនកុម្ម៉ងដែរ តែលោកបានបិទការកុម្ម៉ង់នេះ តាំងពីដើមខែកុម្ភៈមកម្ល៉េះ ពោលគឺតាំងពីថ្ងៃទី១ម្ល៉េះ។

លោកបន្តថា ជាធម្មតាហាងជ្រូកខ្វៃរបស់លោក មានអ្នកកុម្ម៉ង ហើយលក់ចេញ ក្នុងមួយថ្ងៃតែជាង២០ទៅ៣០ក្បាលប៉ុណ្ណោះ តែសម្រាប់ចូលឆ្នាំចិន វាបានហក់ឡើងដល់រាប់រយក្បាលបែបនេះ។ ចំនួននេះ គឺសម្រាប់តែអ្នកនៅភ្នំពេញប៉ុណ្ណោះ ហើយលោកមិនទទួលការកុម្ម៉ង់ទៅតាមខេត្តនោះឡើយ។

លោកបន្ថែមថា កាលពីឆ្នាំមុននៅរដូវចូលឆ្នាំចិន មានអ្នកកុម្ម៉ងជ្រូកខ្វៃ ពីហាងលោកចំនួនជាង៣០០ក្បាលដែរ តែចូលដល់រដូវឆេងម៉េង អំឡុងខែ៤ គឺចំពេលមានវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យអាជីវកម្មជ្រូកខ្វៃ ទាំងលោក និងអ្នកដទៃជួបបញ្ហា ព្រោះពេលនោះ កូវីដចាប់ផ្ដើមវាយលុកនៅកម្ពុជា មានការបិទសាលា បិទអាជីវកម្មមួយចំនួន រហូតឈានដល់ការរឹតបន្តឹងចំពោះការធ្វើដំណើរឆ្លងខេត្តទៀតផង។

លោកបានបន្តថា តែចូលដល់សែនក្បាលទឹកវិញ អាជីវកម្មនេះ ក៏បានចាប់ផ្ដើមងើបបន្តិចវិញ បន្ទាប់ពីមានការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាល។ លុះចូលដល់ឆ្នាំ២០២១នេះ បើទោះបីជាកូវីដ១៩ មិនទាន់រលត់រលាយក៏ដោយក្តី តែសម្រាប់ពិធីចូលឆ្នាំចិន ឃើញមានការរៀបចំជាមុនច្រើន ធ្វើអាជីវកម្មសម្រាប់ផ្គត់ផ្គង់ក្នុងពិធីនេះ មានហាងឆេងឡើងវិញ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលនៃកូវីដ១៩ ជាពិសេសការឆ្លងទៅកាន់ប្រទេសវៀតណាម និងឆ្លងពីវៀតណាមចូលមកកាន់ទឹកដីប្រទេសកម្ពុជា ត្រូវរឹតបន្តឹងឱ្យបានម៉ត់ចត់ ខណៈវៀតណាម មានករណីឆ្លងជាសហគមន៍ និងរកឃើញករណីកូវីដ១៩ បំលែងខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here