សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាស្វែងរកដៃគូហិរញ្ញវត្ថុដើម្បីរកទុនជួយពង្រីកអាជីវកម្មកសិកម្ម

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងពេលវិស័យកសិកម្មនៅតែដើរតួនាទីសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងផ្ដោតលើការផ្ដល់ឥណទានរបស់ខ្លួនដល់កសិករ ខណៈសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានស្វែងរកដៃគូពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្ដល់កម្ចីដល់កសិករកម្ពុជាបន្ថែម ដើម្បីពង្រីកអាជីវកម្ម។

លោកឧកញ៉ា ហង់សុគន្ធប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាយោគយល់មួយជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេនៅថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២១ថា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសមាជិក ដោយបានពង្រីកទីផ្សារ ការទទួលបាននូវផលិតភាពខ្ពស់ និងតម្លៃប្រកួតប្រជែង លើទីផ្សារនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា ការផលិតតាមបែបសហគមន៍ ដែលកសិករចង់បាននោះ គឺជំនួយផ្នែកបច្ចេកទេស និងដើមទុន ដើម្បីជួយដល់ការផលិត និងការគ្រប់គ្រងច្បាស់លាស់ ផ្នែកទីផ្សារ ដូច្នេះយើងត្រូវការវិនិយោគ និងជំនួយបន្ថែមពីគ្រប់ស្ថាប័ន ជាពិសេសរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីឱ្យសហគមន៍កសិកម្មកាន់តែមានការរីកចម្រើន នៅថ្ងៃអនាគត។

លោកបន្ថែមថា ការចងក្រងជាបណ្ដុំសហគមន៍កសិកម្មបែបនេះ គឺដើម្បីឱ្យកសិករងាយស្រួលក្នុងការស្វែងរកឥណទាន ក្នុងការពង្រីកអាជីវកម្ម សម្រាប់ផ្គត់ផ្គង់ លើទីផ្សារក្នុងស្រុក និងនាំចេញ។

កន្លងមកស្ថាប័នផ្ដល់ហិរញ្ញវត្ថុហាក់មិនទាន់ជឿជាក់លើកសិករនៅរាយប៉ាយ តែនៅពេលចងក្រងជាបណ្ដុំ ហើយមានការចុះកិច្ចសន្យាទិញពីក្រុមហ៊ុនធំៗ ទើបស្ថាប័នផ្ដល់ហិរញ្ញវត្ថុទុកចិត្ត និងហ៊ានផ្ដល់ឥណទានដល់កសិករ ដើម្បីប្រកបរ និងពង្រីកអាជីវកម្ម។

លោកគា បូរាណប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានមានប្រសាសន៍ថា អេអឹមខេ មានទស្សនៈមួយ ក្នុងការជួយប្រជាជនក្រីក្រ ធានាឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជីវភាពរបស់ពួកគាត់។ ជាពិសេស ប្រជាកសិករ ដែលត្រូវការទុនបន្ថែម ក្នុងការពង្រីករបរកសិកម្មរបស់គាត់។

លោកហួត សុខាប្រធាននាយកប្រតិបត្តិសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ប្រមាណ៦០ភាគរយនៃឥណទានសរុប គឺផ្ដល់ទៅលើវិស័យកសិកម្ម ហើយគ្រឹះស្ថាននៅតែបន្តផ្ដល់ឥណទាននេះបន្តទៀត ដល់វិស័យកសិកម្ម ក្នុងពេលវិស័យនេះ មានចំណែកធំក្នុងសេដ្ឋកិច្ចកម្ពុជា ខណៈពលរដ្ឋជាច្រើននៅតែប្រកបរបរកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here