JICA ផ្តល់ជំនួយ​ជាង ៧លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​គំរោង​ទាក់ទង​នឹងផ្កាយរណប​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានសម្រេច​អនុម័ត​នូវ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ៍ វាស់វែង​អចិន្ត្រៃយ៍ ដោយ​ផ្កាយរណប សម្រាប់​ការរៀបចំ​ដែនដី និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ខណៈ​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​នេះ មាន​ចំនួន​ជា ៧.៣លាន​ដុល្លារ​អាមេរិក។

ជំនួយ ODA នេះ​ត្រូវ​បានប្រកាស នៅ​កិច្ចប្រជុំ​មួយ រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅ​ទីស្តីការក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ប្រចាំ​កម្ពុជា​បាន​លើកឡើងថា តាំងពី​ឆ្នាំ២០១៧ មក JICA បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន ជូន​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ប្រមាណ​ជាង១៣០០នាក់ គាំទ្រ​ដល់​ការចុះបញ្ជី​ដីធ្លី ការចុះបញ្ជី​អគារ​សហកម្មសិទ្ធិ និង​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន។

លោកស្រី​បន្តថា JICA បានសម្រេច​អនុម័ត​នូវ​ជំនួយ ODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ៍​វាស់វែង​អចិន្ត្រៃយ៍ ដោយ​ផ្កាយរណប សម្រាប់​ការរៀបចំ​ដែន ដី​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (CORS) ដែលមាន​រយៈពេល​អនុ​វត្ត ចាប់ពី​ខែមេសា ឆ្នាំ២០២០ ដល់​ខែកញ្ញា ឆ្នាំ២០២២ និង​មាន​ថវិកា សម្រាប់​អនុវត្ត​គម្រោង​ចំនួន៧.៣៥១.៤០០ដុល្លារ​អាមេរិក ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្ដើម នៅ​ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ។

លោកស្រី Kamei Haruko បាន​ថ្លែងថា JICA បានសម្រេច​អនុម័ត​នូវ​ជំនួយ ODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព ក្នុងការ​អនុវត្ត​ច្បាប់​សំណង់​ថ្មី និង​អភិវឌ្ឍន៍​វិធីសាស្ត្រ​រក្សា​គុណភាព​អគារ ប្រកបដោយ​សុវត្ថិភាព នៅក្នុង​វិស័យ​សំណង់ ដែលមាន​រយៈពេល​អនុ​វត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ២០២០ ដល់​ខែមិថុនា ឆ្នាំ២០២៣ និង​អាច​ចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ​បាន នៅ​ដើមឆ្នាំ២០២១ ។

លោកស្រី​បាន​ឲ្យ​ដឹងថា ក្រៅពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ជូន​ដល់​កម្ពុជា JICA ក៏​តែងតែបាន​ផ្ដល់ជំនួយ​ដូចជា ការកសាង​ធនធានមនុស្ស ការផ្ដល់​ជំនួយ​បច្ចេកទេស​និង​ការផ្ដល់​អាហារូបករណ៍។

ជាការ​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កោតសរសើរ ចំពោះ​ឆន្ទៈ​ដ៏​មោះមុត​របស់​ចែ​ការ ដែល​តែងតែ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​បានអនុម័ត​នូវ​គម្រោង​ទាំងពីរ​ខាងលើ ដើម្បី​ចូលរួម​សម្រេច​នូវ​គោលដៅ​រួម​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កម្ពុជា-ជប៉ុន។

លោក​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​ការគាំទ្រ ដល់​ការ​ផ្ដល់ជំនួយ​លើ​ការកសាង​សមត្ថភាព​មន្ត្រី ដែល​ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា” ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ផ្ដល់​អាទិភាព​ទទួលយក​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្ដីពី​សំណង់ និង​ផ្ដល់​អាទិភាព​សម្រាប់​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​របស់​ប្រទេស​ជប៉ុន ជួល​ការិយាល័យ នៅ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here