កូរ៉េខាងត្បូងចាប់ផ្ដើមស្វែងរកទីផ្សារសម្រាប់ទំនិញរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីបញ្ចប់ការចរចាFTA

ដោយ៖ លក្ខិណា

ភ្នំពេញ៖ កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានរៀបចំបង្ហាញ​នូវទំនិញសក្ដានុពលរបស់ខ្លួន ដើម្បីស្វែងរកឱកាសទីផ្សារនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងនាំចូល​មក​ផ្គត់ផ្គង់ និងដើម្បីដោះដូរទំនិញជាមួយកម្ពុជាបន្ថែម។

លោក Lee Chi Ho នាយកគ្រប់គ្រងនៃភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំនៅកម្ពុជានៃ​ក្រសួង​ពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ កាន់តែមានភាពប្រសើរឡើង ដោយក្នុងឆ្នាំកន្លងទៅនេះចរន្ត នៃការដោះដូរទំនិញ រវាងប្រទេស​ទាំងពីរ នៅតែមាន បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ជាសកលយ៉ាងណា​ក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា KOTRA បាននិងកំពុងណែនាំ និងជំរុញការនាំចូលនូវផលិតផលណា ដែលល្អចូលមកកាន់ទីផ្សារ​ប្រទេសកម្ពុជាបន្ថែមទៀត ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីរវាងកម្ពុជា-កូរ៉េ នឹងជួយ​ពង្រឹង​ទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត។

លោកបន្ថែមថា កន្លងមក កូរ៉េបាននាំចូលមកកម្ពុជា មានដូចជារថយន្ត គ្រឿងយន្ត ផលិតផលសំអាង គ្រឿង​អេឡិចត្រូនិក ភេសជ្ជៈ និងផលិតផលប្រើប្រាស់ជាច្រើនទៀត ដែលមានការនិយមគាំទ្រ ពីប្រជាពលរដ្ឋ​កម្ពុជា។

កាលពីពេលថ្មីៗនេះដែរ កម្ពុជា និងកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាផ្លូវការ និងរង់ចាំការចុះហត្ថលេខារវាងភាគីទាំងពីរ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ រំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះដែរ។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង នឹងជួយបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ​រវាងប្រទេសទាំងពីរបន្ថែមទៀត ដោយកម្ពុជានឹងបង្កើនការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេស​កូរ៉េ​បន្ថែម និងកូរ៉េក៏អាចនាំទំនិញរបស់ខ្លួនចូល មកកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែមបានដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here