ម៉ាឡេស៊ី​មិន​បិទ​សកម្មភាព​សេដ្ឋកិច្ច ប៉ុន្តែ​ជំរុញ​ឱ្យ​អនុវត្តន៍​តាម​គោលការណ៍​ប្រតិប​ត្តិ​ស្តង់ដារ SOP ឱ្យបាន​ម៉ឺងម៉ាត់

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ: ប្រទេស​ម៉ាឡេស៊ី បាន​ជំរុញ​ឱ្យ​ឧស្សាហកម្ម​នានា និង​ពលរដ្ឋ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) ដោយ​ស្មារតី​យោគយល់ ក្រោយ​រដ្ឋាភិបាល បានសម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​ភាគច្រើន បើក​ដំណើរ​ការធម្មតា អំឡុងពេល​រឹតបន្តឹង​ការធ្វើដំណើរ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ក្នុង​សុន្ទរកថា​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin បាន​ថ្លែងថា រដ្ឋាភិបាល​សុខចិត្ត​ស្ដាប់​តាម​មតិ​របស់​ពលរដ្ឋ មិន​បិទ​សេដ្ឋកិច្ច​អំឡុងពេល​អនុវត្តន៍ វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ថ្លែងថា “សូមមេត្តា​ឆ្លើយតប​កាយវិការ​នេះ ដោយ​ស្មារតី​យោគយល់​តាមរយៈ​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​គោលការណ៍ SOP ដើម្បីឱ្យ​យើង​អាច​ធានាបាន​ថា អាជីវកម្ម និង​ពាណិជ្ជកម្ម​នឹង​នៅតែ​អាច​បន្ត​ដំណើរការ ហើយ​ទន្ទឹមនេះ​ក៏​ជួយ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ នៅ​កន្លែងធ្វើការ និង​នៅក្នុង​សហគមន៍​ផងដែរ” ។

កាលពី​ខែ​មុន វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ឡើងវិញ​នៅ​គ្រប់​រដ្ឋ​ទាំងអស់​លើកឡើង​តែ​រដ្ឋ Sarawak រហូតដល់​ថ្ងៃទី១៨ កុម្ភៈ ដើម្បី​ទប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ បាន​រាយការណ៍​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​កូ​វីដ ចំនួន៤.៥៧១ករណី ដែល​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់ ២៣១.៤៨៣ករណី។

ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ក៏បាន​រាយការណ៍​ករណី​ស្លាប់១៧ ករណី​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​សរុប​នៃ​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ-១៩ កើនឡើង​ដល់៨២៦ករណី។

នៅក្នុង​សន្ទរកថា​របស់លោក​ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​គូសបញ្ជាក់ថា ទិន្នន័យ​ចុងក្រោយ​បង្ហាញថា៥៩% នៃ​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ បានកើត​ឡើង​នៅ​កន្លែងធ្វើការ។

លោក​បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់ ដែល​ត្រូវ​អនុវត្តតាម​គោលការន៍ SOP នៅតាម​រោងចក្រ ការដ្ឋាន​សំណង់ កន្លែង​ស្នាក់នៅ​របស់​កម្មករ និង​កន្លែងធ្វើការ​នានា ព្រោះ​ការឆ្លង​ជាច្រើន អំឡុងពេល​ផ្ទុះ​ការឆ្លង​រលក​ទី៣ បានកើត​ឡើង​នៅ​កន្លែង​ទាំងអស់នេះ។

លោក​លើកឡើងថា បម្រាម​មិនឱ្យ​ធ្វើដំណើរ​ទាំងស្រុង និង​ការបិទ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច គឺមាន​ប្រសិទ្ធភាព​បំផុត នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ប៉ុន្តែ​ទន្ទឹមនេះ វា​ក៏​ជះ​ផលប៉ះពាល់​ខ្លាំង​ណាស់ដែរ ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស។ ណាមួយ ដោយសារ​មាន​សំណូមពរ​យ៉ាងទទូច​ពី​ពលរដ្ឋ ទើបបានជា​រដ្ឋាភិបាល​សម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​ភាគច្រើន​បើក​ដំណើរការ​ជាធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here