អ្នកនាំចេញជំរុញឱ្យពលករនិងពលរដ្ឋរស់នៅក្រៅប្រទេសគាំទ្រផលិតផលខ្មែរដើម្បីបង្កើនការនាំចេញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អ្នកនាំចេញ អំពាវនាវដល់ពលករ និងពលរដ្ឋរាប់លាននាក់ ដែលកំពុងធ្វើការនិងរស់នៅក្រៅប្រទេស ដូចជាប្រទេសថៃ កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀតលើពិភពលោក គាំទ្រផលិតផលខ្មែរ និងធ្វើឱ្យពាណិជ្ជករក្រៅប្រទេសមកកម្ពុជា ដើម្បីទិញផលិតផលពីកម្ពុជា សម្រាប់នាំចេញ។

លោកឧកញ៉ាសុង សារ៉នប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍កាលពីម្សិលម៉ិញថា គ្រាន់តែនៅប្រទេសកូរ៉េខាងត្បូងមួយ មានពលករកំពុងធ្វើការរាប់ម៉ឺននាក់ ហើយមិនទាន់រាប់បញ្ចូលអ្នកទៅរស់នៅទីនោះផង ដូច្នេះបើសិនជាពួកគេគាំទ្រផលិតផលខ្មែរ ដូចជាអង្ករកម្ពុជា និងផ្សព្វផ្សាយពីរស់ជាតិឱ្យជនជាតិកូរ៉េដូចគ្នាសាកល្បង លោកជឿថាពាណិជ្ជករកូរ៉េខាងត្បូងនឹងមកកម្ពុជា ដើម្បីចរចាសម្រាប់នាំចេញជាក់ជាមិនខាន។

លោកឧកញ៉ាបន្តថា នៅពេលពលរដ្ឋនៅក្រៅប្រទេសជួយផ្សព្វផ្សាយ និងទាមទារឱ្យមានការប្រើប្រាស់ច្រើននៅប្រទេសដែលពួកគាត់រស់នៅ ពេលនោះ តម្រូវការផលិតផល ពីកម្ពុជានឹងមានច្រើនហើយ ហើយកម្ពុជាក៏អាចនាំចេញទៅកាន់ប្រទេសទាំងនោះ បានកាន់តែច្រើនឡើងថែមទៀត ដែលជាការបង្កើននូវទំហំពាណិជ្ជកម្មនាំមកនូវប្រាក់ចំណូលសម្រាប់ប្រទេសជាតិយើងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា អ្នកនៅក្រៅប្រទេសក៏មានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយពីកម្ពុជា ដូចជាផលិតផលអង្ករពីកម្ពុជា បើល្អគួរនិយាយថាល្អ ហើយទាមទារឱ្យគេ ទិញអង្ករពីកម្ពុជា ដែលចលនាមួយជួយលើកកម្ពស់ដល់កសិករកម្ពុជាផងដែរ ។

ក្រៅពីផលិតផលអង្ករនេះដែរ កម្ពុជាក៏មានទំនិញសក្ដានុពលជាច្រើនទៀត ដែលត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយបច្ចុប្បន្ន កម្ពុជាក៏បាននិងកំពុងចរចាជាមួយបណ្ដាប្រទេសក្នុងការទទួលយកទំនិញពីកម្ពុជាសម្រាប់ការនាំចូល ដោយមិនគិតពន្ធ។

បច្ចុប្បន្នកម្ពុជាបានបញ្ចប់ការចរចាពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី បីរួចហើយ ដោយក្នុងនោះមានមួយបានចុះហត្ថលេខានិងរង់ចាំតែពេលវេលាកំណត់ចូលជាធរមានប៉ុណ្ណោះ គឺប្រទេសចិន ក្រៅពីនោះមានប្រទេសកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក៏បានចុះហត្ថលេខារួចរាល់ហើយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here