រដ្ឋាភិបាលត្រៀមដាក់ចេញកញ្ចប់ជំនួយលើកទី៣ដើម្បីជួយដល់វិស័យSMEs និងធុរកិច្ចបង្កើតថ្មី

ដោយ៖ សាវុធ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច តាមរយៈសហគ្រិនខ្មែរ នឹងបញ្ចេញកញ្ចប់ជំនួយលើកទី៣ ដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងធុរកិច្ចបង្កើតថ្មី ដើម្បីគាំទ្រវិស័យនេះ ដែលកំពុងរងឥទ្ធិពលពីវិបត្តិកូវីដ-១៩។

យោងតាមសហគ្រិនខ្មែរបានឱ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថា នៅក្នុងឆ្នាំ២០២១ សហគ្រិនខ្មែរកំពុងរៀបចំកញ្ចប់ជំនួយលើកទី៣បន្តទៀត ដើម្បីជាយុទ្ធសាស្រ្តឆ្លើយតប ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម ដើម្បីឲ្យពួកគាត់រឹងមាំឡើងវិញ។ កញ្ចប់ជំនួយនេះក៏ដើរតួជាយន្តការបញ្ចូលសាច់ប្រាក់ដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ច តាមរយៈអាជីវកម្ម ដើម្បីទ្រទ្រង់ការងាររបស់ប្រជាជនកម្ពុជា។

កញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី៣ នឹងអនុវត្តតាមនីតិវិធីដូចគ្នាទៅនឹងកញ្ចប់ជំនួយឆ្នាំមុន ដោយមាន៤ ដំណាក់កាល។
ដំណាក់កាលទី១ សហគ្រិនខ្មែរនឹងធ្វើសេចក្តីប្រកាស នៅលើគេហទំព័រហ្វេសប៊ុក បណ្តាញព័ត៌មាន និងតាមរយៈបណ្តាញដៃគូរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីនេះ និងប្រកាសបើកទទួលពាក្យស្នើសុំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណាក់កាលទី២ ពាក្យស្នើសុំទាំងអស់នឹងត្រូវបានសម្រិតសម្រាំង ដោយប្រើគោលការណ៍វិនិច្ឆ័យដែលមានលក្ខណៈស្តង់ដារ។
ដំណាក់កាលទី៣ បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញអំពីអាជីវកម្ម និងយន្តការនៃការប្រើប្រាស់កញ្ចប់ថវិការបស់ពួកគេ ទៅកាន់គណៈកម្មការជំនាញ។ ដំណាក់កាលចុងក្រោយ កញ្ចប់ជំនួយត្រូវបានផ្តល់ទៅឲ្យបេក្ខជនជ័យលាភី។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រិនខ្មែរជឿជាក់ថា កម្មវិធីកញ្ចប់ជំនួយនេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធិភាព ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលកំពុងរងឥទ្ធិពលពីវិបត្តិកូវីដ-១៩ ហើយកំពុងរៀបចំអាជីវកម្មរបស់ខ្លួនសម្រាប់បរិបទប្រក្រតីថ្មីនេះ។

នៅក្នុងឆ្នាំ២០២០ សហគ្រិនខ្មែរ បានប្រគល់នូវកញ្ចប់ជំនួយចំនួនពីរលើក។ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ លើកទី១ និងទី២ បានផ្តល់ថវិកាប្រមាណ៤០ម៉ឺនដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ចំនួន២៧ក្នុងចំណោមពាក្យស្នើសុំចំនួន២៧៨ មកពី ១៩ ខេត្តនិងរាជធានី។

សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស មកពីវិស័យផ្សេងៗ គ្នាដូចជា វិស័យកសិកម្ម/កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអាជីវកម្ម និងប្រតិបត្តិការ និងភាពមិនប្រាកដប្រជា ក្នុងពេលអនាគត ដែលបណ្តាលមកពីការរីករាលដាលនៃវិបត្តិកូវីដ-១៩។ ការគាំទ្រជាពិសេសនេះ នឹងត្រូវបែងចែកទៅផ្នែកដែលចាំបាច់នៃអាជីវកម្ម នៅក្នុងវិស័យដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាតនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here