អង់គ្លេស​ចាត់ទុក​អាស៊ាន​ជា “អាទិភាព​ខ្ពស់បំផុត” សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៏:  ប្រទេស​អង់គ្លេស បានចាត់ទុក​សមាគម​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជា​អាទិភាព​កំពូល​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន ក្រោយពី​ខ្លួន​បាន​ចាក​ចេញពី​សភាព​អឺរ៉ុប​ជា​ផ្លូវការ ហើយ​កំពុងតែ​សម្លឹង​រក​ចាប់​ដៃគូ​ពាណិជ្ជកម្មថ្មីៗក្រោម​ពាក្យស្លោក​ថា “ចក្រភព​អង់គ្លេស ជាស​កល” (Global Britain)។ នេះ​បើ​យោងតាម​សារព័ត៌មាន Nikkei Asia ចុះផ្សាយ​កាលពី​ថ្ងៃទី០២ កុម្ភៈ។

ប្រទេស​អង់គ្លេស ដែល​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ពេញលេញ​ត្រឹម​ដំណាច់ឆ្នាំ២០២០ ក្រោយ​រយៈពេល​អន្តរកាល​ផុត​សុពលភាព បានលើកឡើង​ជា​សាធារណៈ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូ​វែ​សេ​ឡង់ ជាដើម នឹង​ក្លាយជា​គោលនយោបាយ​អាទិភាព​កំពូល​របស់ខ្លួន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។ ការផ្តោត​បែបនេះ ក៏​ដោយសារតែ​ប្រទេស​ទាំងនោះ មាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អង់គ្លេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jon Lambe ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​អាស៊ាន បានលើកឡើង​ក្នុង​បទសម្ភាសន៍​កាលពីពេលថ្មីៗនេះ ជាមួយ​សារព័ត៌មាន Nikkei Asia ថា “យើង​អាច​និយាយបានថា អាស៊ាន ជា​អាទិភាព​ខ្ពស់បំផុត​សម្រាប់​យើង” ។

ប្រទេស​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ប្រទេស​សិង្ហ​បុរី និង​វៀតណាម​រួចទៅហើយ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនោះ ធ្វើឡើង​ដោយ​ងាយស្រួល ដោយសារ​ប្រទេស​ទាំងពីរ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ស្រាប់​ទៅហើយ។

ទោះជា​យ៉ាងណា អង់គ្លេស នឹងត្រូវ​ចាប់ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ចាប់ពី​ចំណុចសូន្យ​ឡើងទៅ។

កាលពី​ថ្ងៃ​ច័ន្ទ ទី១ កុម្ភៈ​កន្លងមកនេះ ប្រទេស​អង់គ្លេស បានស្នើ​សុំ​ជា​ផ្លូវការ ដើម្បី​ចូលរួម​ក្នុង “កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក” (Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP)) ដែលមាន​ប្រទេស​ចំនួន១១បាន​ចូលរួម។  បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់ ១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ពិភពលោក។

ទោះជា​យ៉ាងណា ប្រទេស​អង់គ្លេស ចង់​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។

លោក Jon Lambe ថ្លែងថា “ពាណិជ្ជកម្ម​ជា​រឿង​មួយ ក្នុងចំណោម​រឿង​ជាច្រើនដែល​ធ្វើឱ្យ​អាស៊ាន ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​សម្រាប់​អង់គ្លេស” ។

ប្រទេស​អង់គ្លេស បានធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពាណិជ្ជកម្ម​រួម ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូនេស៊ី​រួចទៅហើយ សម្រាប់​កិច្ចព្រមព្រៀង ដែល​អាច​នឹង​កើតមានឡើង ហើយ​ក៏បាន​ចូលរួម​ជាមួយ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​គណៈកម្មាធិកា​រ​រួម​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​នានា ដូចជា គោលនយោបាយ​ពាណិជ្ជកម្ម និង​ការចូល​ទៅកាន់​ទីផ្សារ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here