តើ​វិស័យ​អាទិភាព​ណាខ្លះ​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចសហប្រតិបត្តិការកម្ពុជា-អឺរ៉ុប​ឆ្នាំ២០២១-២០២៧?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា និង​អឺរ៉ុប​បាន​ជួបប្រជុំគ្នា ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ សម្រាប់​រយៈពេល៧ឆ្នាំ (២០២១-២០២៧) ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន៣ និង​ឯកភាព​ពិគ្រោះ​យោបល់​បន្ថែម ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​របស់​ម៉ាឡេស៊ី The Star នៅ​ថ្ងៃទី២ ខែកុម្ភៈ។

កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ កាល​ចុងខែ​មករា ឆ្នាំ២០២១ រវាង​លោក​ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​លោក Carmen Moreno ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាស​ព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ បាន​កត់សម្គាល់ថា វិស័យ​អាទិភាព​ទាំងបី ដែល​នឹងត្រូវ​ដោះស្រាយ គឺ​កំណើនសេដ្ឋកិច្ច​និង​ការបង្កើត​ការងារ កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​និង​អភិបាលកិច្ច។

លោក​ប្រាក់ សុខុន និង​លោក Moreno បាន​យល់ស្រប​ថា “ភាគី​ទាំងពីរ​ចាំបាច់​ត្រូវមាន​ការសម្របសម្រួល​បន្ថែមទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត” ។

ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី សមាហរណកម្ម​តំបន់​អាស៊ាន និង​ជាពិសេស​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​តំបន់ និង​ការគាំទ្រ​របស់​អឺរ៉ុប សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការធ្វើសមាហរណកម្ម​ចូលទៅក្នុង​ទីផ្សារ​ក្នុង​តំបន់ និង​ខ្សែសង្វាក់​តម្លៃ។

ការពិភាក្សា​ក៏បាន​លើកឡើង អំពី​បញ្ហា​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក ការចូល​ទីផ្សារ​អឺរ៉ុប​សម្រាប់​ផលិតផល​ស្រូវ​កម្ពុជា ឧស្សាហកម្ម ទេសចរណ៍ កម្មវិធី​គាំពារ​សង្គម ការចូលរួម​របស់​វិស័យ​ឯកជន និង​ការលើកកម្ពស់​ការវិនិយោគ​ទ្វេភាគី។

លោក​ប្រាក់ សុខុន​ថ្លែងថា “ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង២ទសវត្ស​កន្លះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម របស់​ប្រទេសជាតិ” ។

លោក​បាន​មានប្រសាសន៍ថា​យើង​ស្វាគមន៍​ការពិគ្រោះ​យោបល់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង និង​កែលំអ​សកម្មភាព​អភិវឌ្ឍន៍ របស់​អឺរ៉ុប ហើយ​ទន្ទឹងរង់ចាំ​លទ្ធផល នៃ​យុទ្ធសាស្ត្រ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ឆ្នាំ ២០២១-២០២៧ ។

លោក Moreno បាន​ថ្លែងថា “ក្នុងចំណោម​សមិទ្ធិផល ដែល​ទទួលបាន​ជោគជ័យ មាន​គម្រោង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង។ រោងចក្រ​នេះ នឹងត្រូវ​ទ្រទ្រង់​ដោយ​ជំនួយ​ពី​អឺរ៉ុប និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដែល​រួមមាន​ឥណទាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ចំនួន ១៦.០០០កន្លែង និង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន” ។

លោក​គិ​ន ភា​នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​កោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក រវាង​ភាគី​ទាំងពីរ និង​បាន​អបអរសាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ទាំងពីរ។

លោក​សង្ឃឹមថា “ភាគី​ទាំងពីរ​នឹង​ដោះស្រាយ​បញ្ហា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា នៅក្នុង​វិស័យ​ជាច្រើន​ទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here