ចិនចាប់ផ្ដើមដាក់ចេញគម្រោងជួញដូរកាបូនដើម្បីកាត់បន្ថយការបំភាយជាតិពុលនៅក្នុងបរិយាកាស

ដោយ: សុខុម

ប៉េកាំង: ចិន ដែលប្រទេសបំពុលបរិយាកាសធំបំផុតរបស់ពិភពលោកបានចាប់ផ្ដើមប្រព័ន្ធជួញដូរកាបូន កាល​ពីថ្ងៃទី១ ខែកុម្ភៈ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស និងឆ្ពោះទៅកាត់​បន្ថយ​ការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនត្រឹមឆ្នាំ២០៦០។ នេះបើយោង​តាម​ការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២ ខែកុម្ភៈ។

គម្រោងនេះអនុញ្ញាតឱ្យរដ្ឋបាលខេត្តនានា កំណត់កម្រិតបំពុលបរិយាកាសសម្រាប់ក្រុមហ៊ុនថាមពលធំៗ ជាលើកដំបូង និងអនុញ្ញាតឱ្យក្រុមហ៊ុននានា ទិញយកសិទ្ធិបំពុលបរិយាកាស ពីក្រុមហ៊ុនផ្សេងទៀត ដែលបំភាយឧស្ម័នកាបូនក្នុងកម្រិតទាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការរំពឹងទុក កម្មវិធី ដែលដំបូងឡើយគ្រោងចាប់ផ្ដើមក្នុងឆ្នាំ២០១៧ នេះ នឹងជួយកាត់បន្ថយការបំភាយ​ឧស្ម័នកាបូនបានច្រើន ព្រោះក្រុមហ៊ុនថាមពលធំៗ នឹងត្រូវបង់លុយចូលរដ្ឋច្រើន ដែលជាថ្លៃបំពុលបរិយាកាស។

គេរំពឹងថា ប្រព័ន្ធនេះនឹងជែងឈ្នះប្រព័ន្ធរបស់សហភាពអឺរ៉ុប ក្លាយជា “គម្រោងជួញដូរការបំភាយឧស្ម័ន” (ETS) ធំបំផុតរបស់ពិភពលោក។

ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន បានលើកឡើងថា វិធានសម្រាប់ការគ្រប់គ្រង ETS បានចូលជាធរមាន​កាលពីថ្ងៃទី១ កុម្ភៈ។ ទីភ្នាក់ងារព័ត៌មាននេះបានចុះផ្សាយថា ក្រុមហ៊ុនថាមពលជាង២.២០០ ទូទាំងប្រទេសចិន ដែលបំភាយឧស្ម័នកាបូនជាង២៦.០០០តោន ទៅក្នុងបរិយាកាសក្នុងមួយឆ្នាំៗ ពេលនេះអាចចាប់ផ្ដើម​ជួញដូរបរិមាណកំណត់ការបំភាយឧស្ម័នរបស់ខ្លួនបានហើយ។

រដ្ឋាភិបាលក្រុងប៉េកាំង បានសន្យាថា កម្រិតខ្ពស់បំផុតនៃការបំភាយឧស្ម័នរបស់ខ្លួន​នឹងត្រូវបានកំណត់មុន​ឆ្នាំ២០៣០ ហើយនឹងកាត់បន្ថយការបំភាយឧស្ម័នមកនៅកម្រិតសូន្យ នៅរយៈពេល៣០ឆ្នាំក្រោយ។

ការជួញដូរការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសនេះចាប់ផ្ដើម ស្របពេលក្រុមអ្នកជំនាញព្រមានថា ប្រទេស​ចិន កំពុងតែបង្កើនការផលិតធ្យូងថ្មរបស់ខ្លួន។ យោងតាមទិន្នន័យបង្ហាញថា ប្រមាណ៦០ភាគរយនៃការផលិត​ថាមពលក្នុងប្រទេសចិន នៅតែដំណើរការ ដោយការដុតធ្យូងថ្មនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here