EU មិន​សុខចិត្ត​ពេល​តុលាការ​សម្រេច​ឱ្យ​ក្រុមហ៊ុន Apple ឈ្នះក្ដី​ក្នុង​សំណុំរឿង​ពន្ធ ១៥,៨ពាន់​លាន​ដុល្លារ

ដោយៈ​សុខុម

អឺរ៉ុបៈ​ពេលនេះ​សហភាព​អឺរ៉ុប កំពុង​ស្វះស្វែង​ប្ដឹងទៅ​តុលាកា​កំពូល ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​ជាន់​ទាប ដែល​សម្រេច​ឱ្យ​ក្រុមហ៊ុន​អាមេរិក Apple Inc ឈ្នះក្ដី​នៅក្នុង​សំណុំរឿង​គេចពន្ធ១៣ ពាន់​លាន​អឺរ៉ូ (១៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក)។

ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​និយាយថា ចៅក្រម​បាន​ប្រើប្រាស់ “ការ​ទាញ​សេចក្ដីសន្និដ្ឋាន​ផ្ទុយ​ពី​អង្គហេតុ” នៅពេល​ចៅក្រម​ទាំងនោះ​សម្រេច​ថា សាខា​របស់​ក្រុមហ៊ុន Apple ក្នុងប្រទេស​អៀរ​ឡង់ មិន​ទទួលខុសត្រូវ​ចំពោះ​ការបង់ពន្ធ​យ៉ាងច្រើន​បែបនេះ​ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​លិខិត​បណ្ដឹងទាស់​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី១ កុម្ភៈ បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប នៅក្នុង​ការប្ដឹង​ទាស់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ដែល​បានសម្រេច​កាលពី​ខែកក្កដា។ ការសើរើ​រឿងក្ដី​នេះ ធ្វើឡើង​ក្រោយពី​លោកស្រី Margrethe Vestager ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​បើក​ការស៊ើបអង្កេត​លើ​សេចក្ដីសម្រេច​របស់​តុលាការ ដោយ​លើកឡើងថា សេចក្ដីសម្រេច​របស់​តុលាការ​គាំទ្រ​ដោយ​ខុសច្បាប់ ចំពោះ​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ធំៗមួយចំនួន។

ការប្ដឹង​ផ្ដល់​ក្រុមហ៊ុន Apple ឱ្យ​បង់ពន្ធ​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៦ នេះ​បាន​ក្លាយជា​សំណុំរឿង​ដ៏​ធំ​មួយ សម្រាប់​លោកស្រី Margrethe Vestager និង​ជាការ​បង្ហាញថា លោកស្រី​មិន​ខ្លាច​ធ្វើឱ្យ​Apple ដែលជា​ក្រុមហ៊ុន​វិទ្យា​មានតម្លៃ​បំផុត​របស់​ពិភពលោក ឬ​ក្រសួង​រតនាគារ​រស​ប​ស់​សហរដ្ឋអាមេរិក​ខឹង​នោះឡើយ។

ចំណាត់ការ​របស់លោក​ស្រី បាន​ជួយ​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង របស់​សហភាព​អឺរ៉ុប ដើម្បី​បិទ​បញ្ចប់​ចំណុច​ខ្វះចន្លោះ​ទាក់ទិន​ពន្ធដារ ដែល​កន្លងមក​បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​មួយចំនួន​បង់ពន្ធ​តិច​ដោយ​ស្របច្បាប់​នៅ​អឺរ៉ុប។

សហភាព​អឺរ៉ុប និយាយថា តុលាការ​ជាន់​ទាប​បាន​លើក​យកមក​ធ្វើជា​សំអាង​ដោយ​មិន​ត្រឹមត្រូវ​នូវ​ករណី​ក្រុមហ៊ុន Apple ខ្វះ​បុគ្គលិក​នៅ​សាខា២កន្លែង ក្នុងប្រទេស​អៀរ​ឡង់ និង​កម្រិត​នៃ​ការទទួលខុសត្រូវ​រប​ស់​ក្រុមហ៊ុន​នេះ ចំពោះ​កម្មសិទ្ធិបញ្ញា​លើ​ការលក់​ទូរស័ព្ទ iPhone និង iPad នៅ​ទូទាំង​អឺរ៉ុប។ ចៅក្រម​មិនបាន​ថ្លឹងថ្លែង​ឱ្យបាន​ត្រឹមត្រូវ​លើ​ការវិភាគ​របស់​សហភាព​អឺរ៉ុប អំពី​សាខា​របស់​ក្រុមហ៊ុន Apple នៅ​ប្រទេស​អៀរ​ឡង់ ឡើយ ហើយ​បែរជា​បង្ហាញ​ហេតុផល​ផ្ទុយស្រឡះ​ពី​អង្គហេតុ​ទៅវិញ។

ទោះជា​យ៉ាងណា ភ្លាមៗក្រុមហ៊ុន Apple បាន​បដិសេធ​មិន​ឆ្លើយបំភ្លឺ​ឡើយ​ជុំវិញ​បញ្ហា​នេះ។

ស្ថិតនៅ​ចំណុច​ស្នូល​នៃ​ការ​ទាញ​ទឡ្ហីករណ៍​ផ្លូវច្បាប់ តុលាការ​គ្រាន់តែ​សួរ​សំណួរងាយៗដូចជា តើ​ប្រាក់ចំណេញ​រកបាន​នៅទីណា ហើយ​គួរ​បង់ពន្ធ​នៅទីណា​ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple បាន​អះអាងថា រាល់​សេចក្ដីសម្រេចសំខាន់ៗទាំងអស់ លើ​ផលិតផល​របស់ Apple ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Cupertino សហរដ្ឋអាមេរិក ហើយ​ថា ពន្ធលើប្រាក់ចំណេញ​គួរតែ​បង់​នៅក្នុង​សហរដ្ឋអាមេរិក។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Apple បាន​ពន្យា​ពេល​បញ្ជូន​ប្រាក់ចំណេញ នៅ​បរទេស​មក​សហរដ្ឋអាមេរិក ជាច្រើន​ឆ្នាំ​មកហើយ រហូត​ទាល់​តែមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ពន្ធដារ ទើប​ក្រុមហ៊ុន​នេះ ចាប់ផ្ដើម​បញ្ជូន​ប្រាក់ចំណេញ នៅ​បរទេស​មក​សហរដ្ឋអាមេរិក វិញ​ក្នុង​ឆ្នាំ២០១៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here