មហា​យក្ស​ចិន​កសាង​ផ្លូវ​សូត្រ​ឌីជីថល​លាតសន្ធឹង​ពី​អាស៊ី ឆ្លង​អាហ្វ្រិក ធ្លាយ​ដល់​អឺរ៉ុប

ដោយៈ​សុខុម

ប្រទេស​ចិនៈ មហា​យក្ស​ចិន គ្រោង​នឹង​ត​ភ្ជាប់​កំណាត់​ចុងក្រោយ នៃ​ខ្សែកាប​អុ​ប​ទិ​ក​ឆ្លងដែន ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​បង្កើត​ផ្លូវ​សូត្រ​ឌីជីថល (Digital Silk Road (DSR)) ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” (One Belt and Road Initiative) របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យោងតាម​គេហទំព័រ RT.com ចុះផ្សាយ​កាលពី​កាលពី​ថ្ងៃទី៣១ មករា ដោយ​ដកស្រង់​ប្រភពពី​សារព័ត៌មាន Nikkei Asiaបាន​ឲ្យ​ដឹងថា ខ្សែកាប​អុ​ប​ទិ​ក​នេះ​នឹង​ភ្ជាប់​ទៅនឹង​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ PEACE (បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​ភ្ជាប់​ប៉ា​គី​ស្ថាន អាហ្វ្រិក​ខាងកើត និង​អឺរ៉ុប) នៅ​បាតសមុទ្រ Arabian Sea ដើម្បី​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​បណ្ដា​ប្រទេស ដែល​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ” និង​អឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន កំណាត់​ចុងក្រោយ​នៃ​ខ្សែកាប​អុ​ប​ទិ​ក​នេះ កំពុងត​ភ្ជាប់​ចន្លោះ​ទីក្រុង​Rawalpindi និង​ទីក្រុង​កំពង់ផែ Karachi និង Gwada របស់​ប៉ា​គី​ស្ថាន។ គម្រោង​តម្លៃ ២៤០ លាន​ដុល្លារ​ដែល​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Huawei Technologies របស់​ចិន នេះ​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​កាលពី​សប្ដាហ៍​មុន។

ការតភ្ជាប់​ខ្សែកាប​បាតសមុទ្រ នៅក្នុង​ដែនទឹក​របស់​ប៉ា​គី​ស្ថាន នេះ​នឹង​ចាប់ផ្ដើម​នៅ​ខែមីនា ក្រោយពី​រដ្ឋាភិបាល​បានអនុម័ត​នៅ​ខែ​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ក្នុងស្រុក Cybernet សាងសង់​ស្ថានីយ​បញ្ជូន​សេវា​ក្នុង​ក្រុង​Karachi។

កំណាត់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក កាត់​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កំពុងតែ​ស្ថិតក្នុង​ដំណើរ​ការតភ្ជាប់ និង​ត​ភ្ជាប់​ពី​ប្រទេស​អេ​ហ្ស៊ី​ប ដល់​ប្រទេស​បារាំង។ តាម​ការរំពឹងទុក ខ្សែកាប​អុ​ប​ទិ​ក ដែលមាន​ប្រវែង​រហូតដល់​ទៅ១៥.០០០គីឡូម៉ែត្រ​នេះ នឹងដាក់​ឱ្យ​ដំណើរ​ការផ្ដល់សេវា​អ៊ីនធឺណិត​ក្នុង​ឆ្នាំ២០២១ នេះ។

បណ្ដាញ​ខ្សែកាប PEACE នេះ​នឹង​ផ្ដល់​ផ្លូវ​បញ្ជូន​សេវា​អ៊ី​ន​ធឺ​ណេ​ត ផ្ទាល់​ខ្លី​បំផុត​រវាង​បណ្ដា​ប្រទេស ដែល​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ហើយនឹង​ជួយ​ធ្វើឱ្យ​ការផ្ទេរ​ទិន្នន័យ​អ៊ី​ន​ធឺ​ណេ​ត កាន់តែ​លឿន​ជាង​មុន​ខ្លាំង។ គេ​រំពឹងថា បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​ដាច់​អ៊ី​ន​ធឺ​ណេ​ត នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយសារ​ការខូចខាត​ខ្សែកាប​នៅ​បាតសមុទ្រ តាមរយៈ​ការផ្ដល់​ផ្លូវ​បញ្ជូន​សេវា​បន្ថែម​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត។

យោងតាម​លោក Eyck Freymann អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ចំណងជើង​ថា “One Belt One Road: Chinese Power Meets the World” ឱ្យដឹងថា គំនិត​ផ្ដួចផ្ដើម “ខ្សែក្រវាត់​មួយ ផ្លូវ​មួយ” ប្រកបដោយ​មហិច្ឆតារ​បស់​មហា​យក្ស​ចិន ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​សេវាកម្ម​ឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here