ដោយ: សាវុធ
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាកសមូហភាពលើផលិតខ្មែរប្រមាណជិត១០មុខបន្ថែមទៀតដើម្បីបញ្ចៀសការក្លែងបន្លំ និងសម្គាល់ទំនិញនៅតាមតំបន់ នៅពេលខាងមុខឆាប់ៗនេះ។ នេះបើតាមលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។
លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីសប្តាហ៍កន្លងទៅនេះថា ក្រោមការផ្តួចផ្តើមរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក្រសួងកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាក សមូហភាពលើផលិតខ្មែរ០៥មុខ រួមមាន៖ អំបុកកំពង់ធំ នំបញ្ជុកសៀមរាប ចម្លាក់ប្រាក់ស្ពាន់ ឃុំកំពង់លួង កោះចិន ខេត្តកណ្តាល ស្មូនឆ្នាំងដី ខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែ រនោង ខេត្តតាកែវ។
លោកបានថ្លែងទៀតថា ក្រៅពីម៉ាកសមូហភាពនេះ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញលើទឹកឃ្មុំមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពតផងដែរ។
លោកបានឱ្យដឹងទៀតថា សម្រាប់អំបុកកំពង់ធំ គ្រោងរៀបចំបង្កើតមហាសន្និបាតកំណើតដំបូងដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង ក្រុមអ្នកផលិតអំបុកកំពង់ធំ” និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិគ្រប់គ្រងនាសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១។
បន្ទាប់មក “ក្រុមអ្នក ផលិតអំបុកកំពង់ធំ” នឹងធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មជាផ្លូវការ ដើម្បីចុះបញ្ជីទទួលស្គាល់និងការពារម៉ាកសមូហភាព អំបុកកំពង់ធំ។ នំបញ្ចុកសៀមរាប (ព្រះដាក់) ៖ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការប្រមូលព័ត៌មានបឋមទាក់ទងនឹងការផលិត និងលក់នំបញ្ចុកសៀមរាប ដើម្បីកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” នាសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២១ ខាងមុខ។
ក្រសួងនឹងបន្តសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតនំបញ្ចុកសៀមរាប។ ចម្លាក់ប្រាក់ស្ពាន់(កំពង់លួង កោះចិន) ខេត្តកណ្តាល៖ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ក្នុងឃុំកំពង់លួង និងកោះចិន ខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ក្រុមការងារក្រសួង រួមជាមួយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋានឯកទេសសូនរូបនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្កើតឱ្យមានគណៈកម្មាធិការបណ្តោះអាសន្ន ដើម្បីរៀបចំសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង។
លោកអនុរដ្ឋលេខាធិការ រៀបរាប់បន្តទៀតថា សម្រាប់ពងទាកូនតាកែវ៖ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសមូហភាព “ពងទាកូនស្រែរនោង” ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
លោកបានថ្លែងបន្តទៀតថា នាយកដ្ឋានបាននឹងកំពុងរៀបចំចងក្រងសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង។ អង្ករព្រះវិហា៖ រៀបចំសិក្ខាសាលា ស្តីពីស្តង់ដារស្រូវអង្ករព្រះវិហា ក្រោមក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយអនុវត្តដោយអង្គការអ្នកក្សេតសាស្រ្តនិងពេទ្យសត្វគ្មានព្រំដែន។
លោកប៉ែន សុ វិជាតិបានបញ្ជាក់ទៀតថា ដោយទ្បែក មានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន២ទៀត រួមមាន៖ ទឹកឃ្មុំព្រៃមណ្ឌលគីរី ៖ អង្គការ WWF និងអង្គការ CIRD បានស្នើសុំឱ្យមានកិច្ចសហការពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទឹកឃ្មុំព្រៃមណ្ឌល់គិរី និងគោរពស្នើសុំលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តល់ជាកិត្តិយសចូលរួមក្នុងពិធីសម្ពោធ និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទឹកឃ្មុំព្រៃមណ្ឌលគិរី៕