ប្រធានាធិបតី ចូ បៃ​ឌិន ចាប់ផ្ដើម​ចាប់ផ្ដើម​សង្គ្រាមពាក្យសម្ដី​ជាមួយ​ចិន ខណៈ​ការ​ចូលកាន់​តំ​ណែ​ត​មិនទាន់បាន​មួយខែ​ផង

ដោយ សុខុម

អន្តរជាតិ:  យើង​ដឹង​ហើយ​ថា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ឆេះសង្គ្រាម​ពាណិជ្ជកម្ម​ក្ដៅ​គ​កុក​ជាមួយ​ចិន ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជួបតែ​ភាព​ល្វីង​ជូរចត់​នឹង​គ្នា។ ហើយ​ក្រុមអ្នកវិភាគ​រំពឹងថា ភាព​តានតឹង​នេះ​នឹង​ធូរស្រាល​ឡើងវិញ ក្រោយ​លោក ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី។

ទោះជា​យ៉ាងណា ទើបតែ​ឡើងកាន់​អំណាច​បាន​រយៈពេល​មួយ​សប្តាហ៍ ប្រធានាធិបតី ចូ បៃ​ឌិន បាន​បញ្ជូន​សារ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំៗថា កុំឱ្យ​មានបំណង​វាទទី​នៅ​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ឱ្យសោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Asean Post ចុះផ្សាយ​កាលពី​ថ្ងៃទី៣០ មករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​សេចក្ដីថ្លែងការណ៍​ជាច្រើន លោក ចូ បៃ​ឌិន និង​មន្ត្រី​សន្តិសុខកំពូលៗរបស់លោក​បានបង្ហាញ​ជំហរ​គាំទ្រ​បណ្ដា​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ និង​ហ្វីលីពីន ដោយ​ផ្ដល់​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រឆាំង​ដាច់ខាត​ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​ដែនសមុទ្រ​មាន​ជម្លោះ។

កាលពី​ថ្ងៃ​ពុធ ទី២៧ មករា លោក ចូ បៃ​ឌិន បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ថា រដ្ឋាភិបាល​របស់លោក​ប្ដេជ្ញា​ការពារ​ប្រទេស​ជប៉ុន រួមទាំង​ប្រជុំ​កោះ Senkaku Islands (ជា​ភាសា​ជប៉ុន) ឬ Diaoyu Islands (ជា​ភាសា​ចិន) ដែល​ទាំង​ជប៉ុន និង​ចិន សុទ្ធតែ​អះអាង​សិទ្ធិ​កាន់កាប់​ផងដែរ។

ជំហរ​នេះ​ត្រូវបាន​បន្ទរ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Lloyd Austin ដែល​បាន​ប្រាប់​សម​ភាគី​ជប៉ុន Nobuo Kishi កាលពី​ថ្ងៃ​សៅរ៍ ទី៣០ មករា ថា កោះមាន​ជម្លោះ​ទាំងនេះ​ត្រូវបាន​គ្របដណ្តប់​ការពារ​ដោយ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក-ជប៉ុន។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរ​បញ្ច​កោណ​ឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​អះអាងថា “សហរដ្ឋអាមេរិក ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ជា​ឯកតោ (ភាគី​តែ​ម្ខាង) ណាមួយ​ដើម្បី​កែប្រែ​ស្ថានភាព​ដើម​នៅ​សមុទ្រ​ចិន​ខាងត្បូង” ។

ទន្ទឹមនឹង​នេះដែរ ក្រោយ​ចូលកាន់​តំណែង​ក្នុង​រដ្ឋការ​របស់លោក ចូ បៃ​ឌិន បាន ៣ ថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស Ned Price បាន​ព្រមាន​ប្រទេស​ចិន ចំពោះ​ការគំរាមកំហែង​កោះ​តៃវ៉ាន់ ក្រោយ​ចិន បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាង ១០ គ្រឿង​ឆ្លងកាត់​ដែន​ការពារ​ផ្លូវអាកាស​របស់​កោះ​តៃវ៉ាន់។

អ្នកនាំពាក្យ​រូបនេះ​បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “យើង​នឹង​ក្រោកឈរ​ជាមួយ​បណ្ដា​មិត្ត និង​សម្ព័ន្ធមិត្ត​ដើម្បី​រឹតបន្តឹង​សន្តិសុខ និង​លើក​គុណ​តម្លៃ​រួម​របស់​យើង​នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក និង​ដើម្បី​រឹតចំណង​ទំនាក់ទំនង​របស់​យើង​ជាមួយ​តៃវ៉ាន់ ប្រជាធិបតេយ្យ​ផងដែរ។ ការប្ដេជ្ញា​របស់​យើង​ចំពោះ​កោះ​តៃវ៉ាន់ គឺ​រឹង​ដូច​ថ្ម” ។

ហើយ​រដ្ឋមន្ត្រីការបរទេស Antony Blinken បាន​ប្រាប់​សម​ភាគី​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ ទី២៧ មករា ថា សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ដែល​តម្រូវឱ្យ​សហរដ្ឋអាមេរិក ការពារ​ហ្វីលីពីន ប្រឆាំង​ការវាយប្រហារ​ណាមួយ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏បាន​អនុវត្ត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ផងដែរ ជា​អ្វីដែល​រដ្ឋការ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​បញ្ជាក់។

ការលើកឡើង​ទាំងនោះ​សរ​បង្ហាញឱ្យឃើញថា រដ្ឋការ​ថ្មី​របស់លោក ចូ បៃ​ឌិន នឹង​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ចិន ជុំវិញ​បញ្ហា​សន្តិសុខ។

ជា​យូរ​មកហើយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ឈរ​នៅ​ខាង​បណ្ដា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដូចជា​រ៉េ​ខាងត្បូង ជប៉ុន វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី នៅក្នុង​ការច្រានចោល​កា​រ​អះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here