ដោយ៖ សាវុធ
ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា ធនាគារ ARDB គ្រោងបញ្ចេញកញ្ចប់ទុនចំនួន៥៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនទំហំផ្ដល់ឥណទាន ឱ្យបានដល់៣០០លានដុល្លារក្នុងឆ្នាំនេះ។
លោកកៅ ថាចអគ្គនាយកធនាគារ ARDB បានថ្លែងកាលពីម្សិលម៉ិញថា ARDB កំពុងបង្កើនប្រាក់កម្ចីដល់វិស័យកសិកម្ម ឲ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្ននេះវិស័យកសិកម្មកំពុងក្លាយ ទៅជាវិស័យមួយ ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ ក្នុងបរិបទកូវីដ១៩ ទាំងការបង្កបង្កើនផល ការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីប្បកម្មជាដើម។
លោកកៅ ថាចបានថ្លែងបន្តថា “ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជា ធនាគារ ARDB គ្រោងបញ្ចេញទុនប្រមាណ៥៥លានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ ដើម្បីឱ្យគ្រប់៣០០លានដុល្លារ ខណៈឆ្នាំ២០២០កន្លងទៅ ARDB បានបញ្ចេញទុន២៤៥លានដុល្លារហើយ”។
ប៉ុន្ដែលោកកៅ ថាចក៏បានឱ្យដឹងថា ទោះជាយ៉ាងនេះក្ដីសម្រាប់ទុនបន្ថែមនេះ ត្រូវរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលថា ត្រូវផ្ដល់ជូនប៉ុន្មាន? ព្រោះបច្ចុប្បន្ននេះ ធនាគារ ARDB បាននិងកំពុងរៀបពីផែនការ ដើម្បីលើកសំណើទៅកាន់រដ្ឋាភិបាល។
លោកបានបន្តថា សម្រាប់ទុនដែលគ្រោងនឹងបន្ថែមនេះ គឺដើម្បីលើកកម្ពស់វិស័យកសិកម្ម ស្រប់នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ធ្វើឱ្យវិស័យនេះ មានដំណើរការវិត្តទៅមុខយ៉ាងលឿន ពិសេសមួយរយៈចុងក្រោយនេះ។
ជាមួយនឹងការទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ARDB បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០.៤២ភាគរយក្នុងមួយខែដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលមកដល់ពេលនេះទំហំហិរញ្ញប្បទាននេះ ត្រូវបានផ្តល់កម្ចីអស់ហើយ៕