ដោយ៖ លក្ខិណា
ភ្នំពេញ៖ អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SME) មួយចំនួននៅខេត្តសៀមរាប រងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិកូវិដ១៩ ខណៈមួយចំនួនទៀត នៅតែដំណើរការផលិតដដែល ។
លោកជិត តេងម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅស្រុកសូត្រនិគម ខេត្តសៀមរាប បានផ្ដល់សម្ភាសន៍តាមទូរសព្ទឱ្យដឹងថា នៅក្នុងវិបត្តិកូវីដ១៩ លោកបានពង្រីករោងម៉ាស៊ីនកិនស្រូវបន្ថែម ហើយនឹងកំពុងសង់ឡសម្ងួតមួយទៀត ដើម្បីសម្ងួតស្រូវដែលទិញពីកសិករ ព្រោះកសិករខ្លះលក់ស្រូវទាំងសើម ដែលទាមទារឱ្យមានការសម្ងួតបានល្អមុនចូលរោងម៉ាស៊ីនកិនស្រូវ។
លោកបន្តថា បើទោះបីនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែតម្រូវការអង្ករពីប្រជាពលរដ្ឋនៅតែមានដដែល ជាពិសេសនោះ គឺតម្រូវការពីភ្នំពេញ។ អ្វីដែលជាបញ្ហាសម្រាប់រោងម៉ាស៊ីនកិនស្រូវក្នុងឆ្នាំ ២០២០កន្លងទៅ គឺគ្រោះទឹកជំនន់បានផ្ដាច់ផ្លូវនិងបំផ្លាញដំណាំស្រូវពលរដ្ឋជាច្រើន ធ្វើឱ្យរូបលោកពិបាករកស្រូវមកកិន និងផ្គត់ផ្គង់អង្ករទៅកាន់អតិថិជនបោះដុំនៅភ្នំពេញ។
លោកបន្តទៀតថា ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណា លោកក៏មិនពិបាកក្នុងការស្នើសុំឥណទានមកវិនិយោគបន្ថែមនោះដែរ ដោយសារតែធនាគារគេបានមើលឃើញពីការរីកលូតលាស់នៃអាជីវកម្ម ដោយមិនប៉ះពាល់ជាមួយនឹងបញ្ហាកូវីដ១៩ឡើយ ។
ចំណែកលោករ៉េត រីម្ចាស់អាជីវកម្មផ្គត់ផ្គង់គ្រឿងដែក នៅក្នុងស្រុកសូត្រនិគម ក៏បាននិយាយងផងដែរ តាំងពីមានកូវីដ១៩ មក អាជីវកម្មរបស់លោកមិនទាន់ជួបបញ្ហាអ្វីជាធំដុំនោះទេ តែក្នុងអំឡុងខែមេសា ឆ្នាំ២០២០ ដោយសារតែការរឹតត្បិតការធ្វើដំណើរឆ្លងខេត្ត ធ្វើឱ្យការលក់មានការថយចុះខ្លះ តែក៏នៅតែមានអ្នកទិញនៅក្នុងតំបន់នោះជាធម្មតាដែរ។
លោកស្រីម៉ែន ចរិយាម្ចាស់អាជីវកម្មផលិតទឹកកកផ្គត់ផ្គង់ក្នុងក្រុងសៀមរាប បាននិយាយថា អាជីវកម្មអ្នកស្រីក៏ជួបបញ្ហាដែរ នៅក្នុងបរិបទកូវីដ១៩នេះ តែវាមិនប៉ះពាល់ខ្លាំង រហូតដល់បិទអាជីវកម្មនោះទេ ដោយខ្សែច្រវ៉ាក់ផលិតកម្មនៅតែដំណើរការ ហើយការផ្គត់ផ្គង់នៅតែបន្ត តែការផលិតក៏មានការថយចុះមួយកម្រិតដែរ ។
បើតាមលោកឧកញ៉ា តែ តាំងប៉រ ប្រធានសមាគមសម្ព័ន្ធសហគ្រាសខ្នាតតូច និងមធ្យមធ្លាប់បានលើកឡើងថា បញ្ហាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គឺការប្រកួតប្រជែងទំនិញមកពីក្រៅច្រើនពេក។ បើសិនជាមានការរឹតត្បិតការនាំចូលខ្លះ នោះសហគ្រិននឹងអាចទទួលបានផលចំណេញ និងរីកចម្រើនទៅបាន ព្រោះថាវិស័យនេះ នៅតែជាឆ្អឺងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា៕