ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិនដណ្ដើមបានចំណែកទីផ្សារជាង៧០ភាគរយនៅឥណ្ឌា

ដោយ៖ សុខុម
ឥណ្ឌា: ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិន ដណ្ដើមបានចំណែកទីផ្សារកាន់តែធំនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២០ ជាឆ្នាំដែលមានការប៉ះទង្គិចគ្នាផ្នែកយោធានៅតាមព្រំដែនរវាងប្រទេសជិតខាងទាំងពីរ និងដែលផ្ទុះប្រតិកម្មប្រឆាំងបណ្ដាក្រុមហ៊ុនចិន នៅឥណ្ឌា។ នេះបើយោងតាមក្រុមហ៊ុនសិក្សាស្រាវជ្រាវ Counterpoint ដែលបានលើកឡើងកាលពីថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

ប្រ៊ែនរបស់ចិន បានកាន់កាប់ ៧៥% នៃចំណែកទីផ្សារស្វាតហ្វូនទាំងមូលរបស់ប្រទេសឥណ្ឌា កាលពីឆ្នាំមុន ដោយកើនឡើងពី ៧១% ក្នុងឆ្នាំ២០១៩ និងជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ មក។

ក្រុមហ៊ុន Xiaomi នៅតែរក្សាបានតំណែងជាប្រ៊ែនលក់ស្មាតហ្វូនបានច្រើនជាងគេនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២០ ដោយកាន់កាប់ចំណែកទីផ្សារ ២៦% ធៀបនឹងតួលេខ ២៧% របស់ខ្លួនក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ជាប្រ៊ែនលេខ២ ដែលដណ្ដើមបានចំណែកទីផ្សារ ២១%។

ទិន្នន័យរបស់ក្រុមហ៊ុន Counterpoint បានបង្ហាញថា ប្រ៊ែនទូរស័ព្ទធំៗបំផុតផ្សេងទៀតនៅប្រទេសឥណ្ឌា មានដូចជា Vivo, Realme និង Oppo ដែលសុទ្ធតែជាប្រ៊ែនចិន។
អ្នកវិភាគ Shilpi Jain បានលើកឡើងក្នុងរបាយការណ៍របស់ក្រុមហ៊ុន Counterpoint ថា “ប្រតិកម្មប្រឆាំងចិន បានថមថយច្រើននៅត្រឹមដំណាច់ឆ្នាំកន្លងទៅ”។

ការប៉ះទង្គិចគ្នាមួយរវាងយោធាឥណ្ឌា និងយោធាចិន នៅតំបន់ព្រំដែនភ្នំហេមពាន្ដ (Himalayan) ដែលមានជម្លោះបានបណ្ដាលឱ្យទាហានឥណ្ឌា ២០ នាក់បាត់បង់ជីវិតកាលពីខែមិថុនា ឆ្នាំមុន ដែលធ្វើឱ្យផ្ទុះប្រតិកម្មរលកថ្មីប្រឆាំងចិន នៅក្នុងប្រទេសឥណ្ឌា។
ក្រុមហ៊ុន Counterpoint និយាយថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យតម្រូវការផលិតផលចិន ធ្លាក់ចុះខ្លាំង។ ទោះជាយ៉ាងណា តម្រូវការបានកើនឡើងវិញក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ អំឡុងរដូវកាលបុណ្យទានក្នុងប្រទេសឥណ្ឌា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here