២០២១ ជាឆ្នាំឧបសគ្គដ៏ធំសម្រាប់ធនាគារនានារបស់ថៃ ខណៈគុណភាពទ្រព្យសកម្មដាំក្បាលចុះ

ដោយៈសុខុម

បាងកក: ទីភ្នាក់ងារកម្រិតគុណភាពឥណទាន របស់សហរដ្ឋអាមេរិក S&P Global Ratings បាននិយាយថា ភាពធន់ទ្រាំផ្នែកហិរញ្ញវត្ថុ (Financial resilience) របស់បណ្ដាធនគារនានារបស់ប្រទេសថៃ នឹងត្រូវឆ្លងកាត់តេស្តសាកល្បងនៅឆ្នាំនេះ ខណៈរយៈពេ​លផ្អាកការសងបំណុលផុតសុពលភាពជាបណ្ដើរៗ ដោយគុណភាពទ្រព្យសកម្ម (Asset quality) ចុះខ្សោយ។

ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការ (Non-Performing Loan (NPL)) ធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៧ មករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័ននេះលើកឡើងទៀតថា វិធានការសង្គ្រោះនានាបានកាត់បន្ថយផលប៉ះពា​ល់នៃវីរុសកូវីដ-១៩ទៅលើបណ្ដាស្ថាប័នហិរញ្ញវត្ថុ ប៉ុន្តែឆ្នាំ២០២១ ជាឆ្នាំដែលរយៈពេលផ្អាកការសងបំណុលផុតសុពលភាពជាបន្តបន្ទាប់គ្នា។

S&P Global Ratings បានគូសបញ្ជាក់ថា “យើងរំពឹងថាគុណភាពទ្រព្យសកម្មរបស់ធនាគារ នឹងចុះខ្សោយកាន់តែខ្លាំង ក្នុងរយៈពេល១២ ទៅ២៤ ខែក្រោយ ហើយអនុបាត NPL នឹងកើនឡើងរហូតដល់៦ភាគរយ”។

NPL ដែលត្រូវបានរាយការណ៍ គឺស្ថិតក្នុងកម្រិតស្រាលនៅឡើយ ក្នុងឆ្នាំ២០២០ ក្នុងកម្រិតធម្យម៣,៣% សម្រាប់បណ្ដាធនាគារ ដែលយើងកម្រិតគុណភាព ពោលគឺខ្ពស់ជាងបន្តិចប៉ុណ្ណោះ បើធៀបនឹងកម្រិតមធ្យមភាគ៣% សម្រាប់ប្រព័ន្ធធនាគារទាំងមូលក្នុងឆ្នាំ២០១៩។ ភាពធន់ទ្រាំនេះកើតមាន ថ្វីបើផ្ទុះរលកទី២ នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩កាលពីចុងឆ្នាំកន្លងទៅយ៉ាងណាក្ដី”។

សមាមាត្រនៃកំណត់ត្រាឥណទាន ស្ថិតក្រោមរយៈពេលផ្អាកការសងបំណុល បានធ្លាក់ចុះ មកនៅកម្រិតមធ្យម២០% សម្រាប់ធនាគារថៃធំៗ ដែលត្រូវបានកម្រិតគុណភាព បើធៀបនឹងកម្រិតមធ្យមភាគ៣១% សម្រាប់ប្រព័ន្ធធនាគារទាំងមូល ក្នុងដំណាក់កាលដំបូងនៃរយៈពេលផ្អាកការសងបំណុល នៅពាក់កណ្ដាលឆ្នាំ២០២០។

យោងតាមធនាគារកណ្ដាលរបស់ថៃ Bank of Thailand ឱ្យដឹងថា ហានិភ័យឥណទាន (Credit risk) បានឡើងខ្ពស់រួចទៅហើយនៅក្នុងប្រទេសថៃ ដោយសារបំណុលលក្ខណៈគ្រួសារកើនឡើងខ្ពស់ខ្លាំង។ បំណុលលក្ខណៈគ្រួសារ បានហក់ឡើងខ្ពស់រហូតដល់៨៦,៦% នៃGDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីទិន្នន័យបែបនេះ អាចរកបានជាសាធារណៈក្នុងឆ្នាំ២០១៣ មក។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ បំណុលលក្ខណៈគ្រួសារ ដែលបានស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតរួចទៅហើយនៅអាស៊ី បានកើនឡើងដល់១៣,៧៧ ទ្រីលានបាត (ជាង ៤៥៩ ពាន់លានដុល្លារអាមេរិក) ពី១៣,៧៧ ទ្រីលានបាត (៤៥៣ ពាន់លានដុល្លារអាមេរិក) នៅដំណាច់ខែមិថុនា ដែលស្មើនឹង៨៣,៨% នៃ GDP៕

LEAVE A REPLY

Please enter your comment!
Please enter your name here