IMF ដំឡើងការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១

ដោយៈសុខុម

វ៉ាស៊ីនតោន: ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិIMF កាលពីថ្ងៃអង្គារ ទី២៦ មករា បានដំឡើងការព្យាករពីកំនើន​សេដ្ឋកិច្ច សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១នេះ ដោយលើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ចដែល​បង្ក​ឡើង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ កាលពីឆ្នាំកន្លងទៅនឹងមានភាពធូរស្រាលឡើងវិញ។ នេះបើយោ​ងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ស្ថាប័ននេះនិយាយថា ការអនុម័តជាច្រើនលើវ៉ាក់សាំងកូវីដ-១៩ និងការចាប់ផ្ដើមចាក់វ៉ាក់សាំង នៅក្នុងប្រទេស​ជាច្រើនកាលពីខែធ្នូ កន្លងទៅ បានធ្វើឱ្យមានក្ដីសង្ឃឹមកាន់​តែខ្លាំងថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែល​ពេល​នេះបានឆ្លងទៅមនុស្សជិត១០០ លាននាក់ និងផ្ដាច់ជីវិតមនុស្សជាង២,១លាននាក់ទូទាំងពិភពលោក នឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែទន្ទឹមនេះស្ថាប័នផ្ដល់ប្រាក់កម្ចីទូទាំង ពិភពលោកមួយនេះព្រមានថា សេដ្ឋកិច្ចពិភពលោកបានបន្តប្រឈម​មុខនឹង “ភាពមិនប្រាកដប្រជាមិនធម្មតា” ហើយរលកថ្មីនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងស្ថានការណ៍​វិវឌ្ឍន៍​បានបង្កហានិភ័យនានា ហើយកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក ស្ថិតក្រោមកម្រិតព្យាករណ៍ មុនពេលផ្ទុះ​វីរុសកូវីដ-១៩ នៅឡើយ។

លោកស្រីGita Gopinath ប្រធានសេដ្ឋវិទូប្រចាំនៅស្ថាប័នIMF បានថ្លែងថា សេច​ក្ដីសម្រេចរបស់ប្រធានាធិបតី​អាមេរិក ថ្មី ចូ បៃឌិន ដើម្បីផ្ដល់ថវិកាជួយគាំទ្រដល់គំនិតផ្ដួចផ្ដើមវ៉ាក់សាំងCOVAX របស់អង្គការសុខភាព​ពិភពលោក WHO ជា “ការបោះជំហានដ៏ធំ” ឆ្ពោះទៅការទប់ជាប់ការឆ្លងរាតត្បាត។

មនុស្សរហូតដល់ទៅជិត៩០លាននាក់ ទំនងជាធ្លាក់ចុះក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំងអំឡុងឆ្នាំ២០២០-២០២១ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានបំផ្លាញវឌ្ឍនភាព នៅក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេល​ជាង២ទសវត្សរ៍មកនេះ។ មនុ​ស្សយ៉ាងច្រើននៅតែគ្មានការងារធ្វើ និងពុំមានការងារគ្រប់គ្រាន់នៅឡើយ ក្នុង​ប្រទេស​ជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។

លោកស្រីGita Gopinath បានគូសបញ្ជាក់ថា បណ្ដាសេដ្ឋកិច្ចជឿនលឿនកំពុងងើបឡើងយ៉ាងឆាប់រហ័ស ហើយ​វា​ពិតជាសំខាន់ណាស់ ដែលប្រទេសមិនសូវសម្បូរធនធានទទួលបានជំនួយពីសហគមន៍អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here