អាជីវកម្មម្ហូបអាហារក្នុងហាងផ្ទាល់ធា្លក់ចុះក្នុងវិបត្តិកូវីដ១៩ ខណៈការវេចខ្ចប់ និងដឹកជញ្ជូនហក់ឡើងខ្លាំង

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អាជីវកម្មជាច្រើនបានជួបវិបត្តិ ដោយសារតែជំងឺកូវីដ១៩ ក្នុងនោះវិស័យម្ហូបអាហារ និងភេសជ្ជៈ ក៏ឃើញថា ជួបប្រទះនឹងបញ្ហាប្រឈមផងដែរ ជាពិសេសសេវាកម្មនៅក្នុងហាង តែមកកាក់កបនឹងការវេចខ្ចប់ និងដឹកជញ្ជូនដល់ផ្ទះទៅវិញ ។

លោកម៉ៅ សុភាពអ្នកគ្រប់គ្រងប្រតិបត្តិការ ភោជនីយដ្ឋាននិងកាហ្វេ អ៊ី អ៊ែន អឹម បានមានប្រសាសន៍ថា កាលពីមុនកូវីដ១៩ភោជនីយដ្ឋាននិងកាហ្វេ របស់លោកឃើញថា មានភ្ញៀវចូលមកច្រើន តែដល់ពេលជួបប្រទះនឹងជំងឺកូវីដ១៩ ភ្ញៀវចូលមកហាងបានធ្លាក់ចុះច្រើន តែជំនួសមកវិញ ដោយការខ្ចប់ទៅផ្ទះ និងដឹកជញ្ជូនដល់ផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “បន្ទាប់ពីផ្ទុះជំងឺ និងមានការហាមប្រាមការជួបជុំច្រើន ពីសំណាក់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ឃើញថា ការមកទទួលទានផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ អតិថិជននៅក្នុងហាងមានការធ្លាក់ចុះ តែមានការកើនឡើងនូវការវេចខ្ចប់យកទៅផ្ទះ ឬក៏មានការបញ្ជាទិញសម្រាប់ដឹកជញ្ជូនទៅដល់គេហដ្ឋាន”។

លោកបន្តថា នៅក្នុងឆ្នាំ ២០២១នេះ លោករំពឹងថា វិស័យម្ហូបអាហរ និងភេសជ្ជៈ ក៏ដូចជាវិស័យជាច្រើនទៀត នឹងទទួលបានកំណើនឡើងវិញ ជាមួយការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាលលើស្ថានភាពកូវីដ១៩ និងជាពិសេសនោះ វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ក៏មានពន្លឺ និងកំពុងចាក់ជូនដល់ពលរដ្ឋនៃប្រទេសមួយចំនួន ដែលជាសញ្ញានៃការបញ្ចប់វិបត្តិកូវីដ១៩។

លោកបន្ថែមថា ឆ្នាំ២០២១នេះ អាជីវកម្ម និងមុខជំនួញជាច្រើននឹងត្រលប់ទៅរកស្ថានភាពដើមឡើងវិញ ជាមួយនឹងក្ដីរំពឹងខ្ពស់។

ភោជនីយដ្ឋានក្នុងវិស័យម្ហូបអាហារជាច្រើនទៀត ក៏បានជួបប្រទះនឹងបញ្ហាក្នុងស្ថានភាពដ៏លំបាកនៃកូវីដ១៩ដែរ ហើយភោជនីយដ្ឋានខ្លះ បានដាក់ស្លាក ដោយបម្រើសេវាវេចខ្ចប់តែប៉ុណ្ណោះ មិនទទួលបម្រើនៅក្នុងហាងផ្ទាល់នោះឡើយ។

យ៉ាងណាក្ដីដោយសារវិបត្តិនៃ អូសបន្លាយកាន់តែយូរ រាជរដ្ឋាភិបាលក៏បានជួយអនុគ្រោះដោយលើកឡែងការបង់ពន្ធអាជីវកម្មប្រចាំខែមួយរយៈ ដើម្បីសម្រួលដល់ការចំណាយរបស់ម្ចាស់អាជីវកម្ម ដែលជួបប្រទះបញ្ហា។ ការជួយសម្រួលរបស់រាជរដ្ឋាភិបាល ត្រូវបានធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា ជាសកម្មភាពល្អប្រសើរ អាចជួយទប់ស្កាត់ការធ្លាក់ចុះធ្ងន់ធ្ងរនៃសេដ្ឋកិច្ច និងទប់មិនឱ្យអត្រាភាពក្រីក្រកើនឡើងខ្ពស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here