កត្តា​វិទ្យាសាស្ត្រ​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ដល់​ការសម្រេចចិត្ត​ទិញ និង​លក់​ភាគហ៊ុន

ដោយ៖ សាវុធ

ភ្នំពេញ៖ ជាទូទៅ ថ្លៃ​ភាគហ៊ុន​ប្រែប្រួល​ជា​រៀងរាល់ថ្ងៃ ដោយ​ការប្រែប្រួល​នេះ​អាចនិយាយបាន​យ៉ាង​សាមញ្ញ​ថា ដោយសារ​កម្លាំង​នៃ​ផ្គត់ផ្គង់​និង​តម្រូវការ​នៅលើ​ទីផ្សារ។

ប្រសិនបើ​មានការ​ផ្គត់ផ្គង់ (ការលក់) ច្រើនជាង​តម្រូវការ (ការទិញ) នោះ​ថ្លៃ​មាន​ទំនោរ​ធ្លាក់ចុះ ហើយ​ផ្ទុយ​មកវិញ ប្រសិនបើ​មាន​អ្នកត្រូវការ (អ្នកទិញ) ច្រើនជាង​អ្នកផ្គត់ផ្គង់(អ្នកលក់) នោះ​ថ្លៃ​នឹងមាន​ទំនោរ​កើនឡើង​វិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តា​វិទ្យាសាស្ត្រ​គឺ​សំដៅ​ទៅលើ​ការសម្រេចចិត្ត​ទិញ ឬ​លក់​ភាគហ៊ុន តាមរយៈ​ការវិភាគ​ល្អិតល្អន់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ទៅលើ​លទ្ធភាព​ចំណេញ​និង​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នោះ។

វិនិយោគិន​ពិចារណា​លើ​ព័ត៌មាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ទាំង​ព័ត៌មាន​ពី​អតីតកាល​និង​បច្ចុប្បន្នកាល រួច​ធ្វើការ​វាយតម្លៃ​អំពី​ភាព​រឹង​ម៉ាំ​របស់​ក្រុមហ៊ុន (ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​អាជីវកម្ម) ហើយ​ប៉ាន់ស្មាន(educated guess) អំពី​លទ្ធភាព​រកប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នាពេល​អនាគត។

ថ្វីត្បិតតែ​វិនិយោគិន​អាច​ទទួលបាន​ព័ត៌មានដូចៗគ្នា​ស្តីពី​ក្រុមហ៊ុន​ក៏ដោយ ប៉ុន្តែ​ការយល់ឃើញ​របស់​ពួកគាត់​អំពី​កម្រិត​នៃ​ហានិភ័យ​និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន មានភាពខុសៗគ្នា​ជាទូទៅ។ ការយល់ឃើញ​ខុសគ្នា​នេះហើយ​ដែល​ធ្វើឱ្យ​វិនិយោគិន​ខ្លះ​ដាក់​ទិញ ខ្លះ​ដាក់លក់ ហើយ​ដាក់​នៅ​ថ្លៃខុសៗគ្នា។

ដូច្នេះ យើង​អាច​និយាយបានថា រាល់​ថ្លៃ​ដែល​វិនិយោគិន​ដាក់​ទិញ​ឬ​លក់ គឺ​បាន​ឆ្លងកាត់​ការពិចារណា​លើ​ព័ត៌មាន​ដែលមាន ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នោះ​រួចហើយ (គ្រាន់តែ​ការពិចារណា​ឃើញខុសៗគ្នា)។

នៅពេល​មាន​ព័ត៌មាន​ថ្មី​ផ្សព្វផ្សាយ ហើយ​អាច​ប៉ះពាល់​ដល់​ស្ថានភាព​និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន នោះ​វិនិយោគិន​នឹង​គិត​បញ្ចូល​ព័ត៌មាន​នោះ​ទៅក្នុង​ការពិចារណា​រប​ស់​គាត់​បន្ថែមទៀត ហើយ​អាច​សម្រេចចិត្ត​ប្តូរ​ថ្លៃ​ទិញ/លក់​របស់គាត់។

ប៉ុន្តែ​ជា​ញឹកញាប់ បើទោះជា​នៅលើ​ទីផ្សារ​មិនមាន​ព័ត៌មាន​ថ្មី​ក៏ដោយ ក៏​ថ្លៃ​ភាគហ៊ុន​នៅតែ​ប្រែប្រួល នោះ​គឺ​ដោយសារតែ​ភាពមិនច្បាស់លាស់​នៃ​អនាគត ទាក់ទង​នឹង​សកម្មភាព​អាជីវកម្ម​និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ហើយ​និង​ការប្រែប្រួល​នៃ​ការយល់ឃើញ​របស់​វិនិយោគិន​ទៅតាម​ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here