រដ្ឋាភិបាលបានជំរុញ និងចុះបញ្ជីផលិតផលចំនួន១២ជាទំនិញសំគាល់ភូមិសាស្រ្ត

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្នុងគោលដៅលើកកំពស់អត្តសញ្ញាណផលិតផលខ្មែរ និងជំរុញទីផ្សារដើម្បីនាំចេញ ក្រសួងពាណិជ្ជកម្ម​បានរៀបចំ និងចុះបញ្ជីរផលិតផលល្បីៗកម្ពុជាចំនួន១២មុខ ដើម្បីចុះបញ្ជីរ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ក្នុងពិធីសំណេះ​សំណាលជាមួយ មន្រ្តីពាណិជ្ជកម្មនៅខេត្តឧត្តរមានជ័យនៅពីថ្ងៃទី២៥ មករានេះថា ក្រសួងពាណិជ្ជកម្មបានរៀបចំ ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិល និងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។

លោកបន្តថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារ​ពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។ ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញ​វិញ្ញាបនបត្រ ប្រភពដើមទំនិញជាអេឡិចត្រូនិក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់​អាជ្ញាបណ្ណ​នាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ(គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះ​បញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិក៏បានកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរ​ពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

លោកបន្តថា “ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជា​មធ្យម៧ភាគរយជា​រៀង​រាល់​ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here