ពិភពលោកបារម្ភកាន់តែខ្លាំងអំពីឥទ្ធិពលចិនក្នុងតំបន់ ខណៈបណ្ដាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកងាកមកខ្ចីលុយធនាគារចិនAIIB

ដោយ ៖ សុខុម

ស៊ីដនី ៖ បណ្ដាប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងតែងាកមកខ្ចីលុយពីបណ្ដាទីភ្នាក់ងារដែលដឹកនាំ​ដោយ​ប្រទេសចិន ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ-១៩ បន្ទាប់ពីប្រទេសទាំងនោះខ្ចីលុយពីបណ្ដាដៃគូបស្ចិម​ប្រទេសរបស់ខ្លួនមិនគ្រប់ចំនួនតាមតម្រូវការ។ កត្តានេះបានបង្កឱ្យពិភលោកព្រួយបារម្ភកាន់តែខ្លាំងថា តំបន់​កំពុងពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំងខ្លាំងឡើងៗ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៥ មករា ឱ្យដឹងថា ប្រទេសដែនកោះតូចមួយឈ្មោះCook Islands ដែលមានប្រជាជនប្រមាណ២០,០០០ នាក់ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង (South Pacific) បានងាកមកខ្ចីលុយពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank (AIIB) ដែល​មានរដ្ឋាភិបាលក្រុងប៉េកាំងនៅពីក្រោយខ្នងកាលពីចុងឆ្នាំ២០២០ បន្ទាប់​ពី​កម្ចី​ពីសហរដ្ឋអាមេរិក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយប្រទេសជប៉ុន និងហិរញ្ញប្បទាន​ឥតសំណង(Grant) ពីប្រទេសនូវែលសេឡង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនមិន​គ្រប់​ចំនួនតាមតម្រូវការ។

ប្រទេសដែនកោះCook Islands បានខ្ចីប្រាក់ចំនួន២០លានដុល្លារអាមេរិក ពីធនា គារAIIB ហើយនេះជា​ប្រទេស​ទី២ នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានខ្ចីលុយធនាគារចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីប្រទេសដែនកោះFiji បានខ្ចីលុយចិន ៥០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាសញ្ញាបង្ហាញពីការមកដល់មហាសមុទ្រប៉ាស៊ីហ្វិកនៃធនាគារអភិវឌ្ឍន៍មួយ ដែលជួយសម្រេចមហិច្ឆតា​គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ» (One Belt One Road)” របស់ចិន។

ទន្ទឹមនេះ ប្រទេសដែនកោះ Vanuatu ដែលមានប្រជាជនប្រមាណ ៣០០ ០០០ នាក់ក៏បានប្រកាសកាលពី​សប្ដាហ៍មុនដែរថា ខ្លួនទទួលបានហិរញ្ញប្បទានឥតសំណង(Grant) ១២ លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។

ខណៈបណ្ដាប្រទេសដែនកោះភាគច្រើននៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រើប្រាស់ព្រំដែនធម្មជាតិរបស់ខ្លួនជារនាំង​ការពារ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ពួកគេបានប្រឈមនឹងការលំបាកយ៉ាងខ្លាំងផ្នែក​សេដ្ឋកិច្ចដោយសារពួកគេពឹងផ្អែកលើទេសចរណ៍អន្តរជាតិ ជាវិស័យមួយដែលត្រូវបានបិទទាំងស្រុងភ្លាមៗ នៅពេលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ចាប់ផ្ដើមវាយលុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here