ដោយៈ ចំណាន
កំពតៈ លោកឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឈូក បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលស្រុកចុះពិនិត្យទីតាំង ផ្តល់សេវាសាធារណៈចំនួន២។
មូលដ្ឋានទីតាំងទាំងពីរមានដូចខាងក្រោម ទី ១- ចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល របស់មណ្ឌលសុខភាព បឹងនិមល ដើម្បីស្តាប់ពីលទ្ធផលការងារ និងការដោះស្រាយសំណូមពរចាំបាច់ ក្នុងនោះដែរ មណ្ឌលសុខភាព បានសំណូមពរសុំចូលរួមសាងសង់អគារ ១ខ្នងមាន ២បន្ទប់ សម្រាប់អ្នកសម្រាលទារក និងសួនកុមារ។
មណ្ឌលសុខភាព បឹងនិមល ជាមណ្ឌលសុខភាពគំរូមួយ ដែលធ្លាប់ជាប់ជ័យលាភីលេខ៣ ទូទាំងខេត្តកំពត ដែលផ្តល់សេវាសុខភាពល្អប្រសើរជូនប្រជាពលរដ្ឋ។
២- ចុះពិនិត្យទីតាំងគម្រោងស្តារ និងកែលម្អនៅវិទ្យាល័យ ហ៊ុន សែន ឈូក តាមការណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដោយផ្តោតលើគម្រោងអាទិភាពទាំង៣ រួមមាន ការជីកស្តារស្រះក្នុងបរិវេណសាលា ការរៀបចំអាហារដ្ឋាន និងរៀបចំសួនច្បារ ផ្លូវថ្មើជើង នៅខាងមុខសាលា៕








