ដោយ៖គង់លាងហួរ
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធឌីជីថលជាលើកដំបូង ដែលរៀបចំឡើងចំនួន២ថ្ងៃ ដែលបានចាប់ផ្តើមចាប់ពីថ្ងៃនេះ ដល់ថ្ងៃស្អែក។ នេះបើយោងតាមគេទំព័រ Foreign Brief នៅថ្ងៃទី២១ ខែមករា ឆ្នាំ០២២១។
លោក Saifuddin Abdullah រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍របស់ម៉ាឡេស៊ី បាននិយាយថា កិច្ចប្រជុំតាមប្រព័ន្ធឌីជីថលនឹងផ្ដោតទៅលើការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថល រួមមានសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ពាណិជ្ជកម្មអេឡិចត្រូនិច ការការពារទិន្នន័យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា5G។
គោលដៅចម្បងរបស់ប្រទេសជាសមាជិកអាស៊ានគឺពង្រឹងឋានៈរបស់ខ្លួន ក្នុងនាមជាសម្ព័ន្ធភាពក្នុងតំបន់ ដែលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ បណ្តាប្រទេសសមាជិកអាស៊ានបានអនុម័តលើផែនការឌីជីថលដ៏ធំមួយនាឆ្នាំ២០២៥ និងក្របខណ្ឌគោលនយោបាយរយៈពេល៥ឆ្នាំ ដែលកំណត់ផ្ដោតលើវិស័យសំខាន់ៗចំនួន៥ រួមមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការច្នៃប្រឌិតឌីជីថល វិស័យដឹកជញ្ជូន ឧត្តមភាពបទប្បញ្ញតិ និងការចល័តកម្លាំងពលកម្ម។
កិច្ចប្រជុំលើកចុងក្រោយនេះក៏ជាវេទិការ សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូពិភាក្សាអូស្តា្រលី ចិន ឥណ្ឌា ជប៉ុន ណូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងសហជីពទូរគមនាគមន៍អន្តរជាតិហៅកាត់ថា (ITU)។
ផែនការដ៏មានមហិច្ឆិតារបស់អាស៊ីសម្រាប់ការអភិវឌ្ឍន៍ និងពង្រីកឌីជីថល ទៅក្នុងទីផ្សារពិភពលោកដ៏ធំមួយនេះ ទំនងជានឹងទាក់ទាញការយកចិត្តទុក និងចំណាប់អារម្មណ៍ពីចិន និងអាមេរិក ដែលបានចូលរួមរួចជាស្រេច ក្នុងការប្រកួតប្រជែង សម្រាប់លក្ខខណ្ឌពាណិជ្ជកម្ម ដែលអំណោយផលជាមួយនឹងប្លុកសេដ្ឋកិច្ច។
ជាមួយគ្នានេះ មានការរំពឹងទុកថា សហរដ្ឋអាមេរិកស្ថិតនៅក្រោមរដ្ឋបាលថ្មីរបស់លោកបៃដិន នឹងគាំទ្រដល់ការវិនិយោគក្នុងផែនការឌីជីថលឆ្នាំ២០២៥ ដែលនឹងជំរុញដល់កំណើនសេដ្ឋកិច្ចអាស៊ី៕







