ផលិតផល​សិប្បកម្ម​ខ្មែរ​ និង​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ជាមួយ​វិស័យទេសចរណ៍

ដោយៈ ម៉ាណា

   សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់បាន អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែង នៅសិប្បកម្មសេរ៉ាម៉ិច ខេត្តសៀមរាប ដើម្បីលើកកម្ពស់ផលិតផលសិប្បកម្មខ្មែរ និងជំរុញការផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែង នៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិត​ផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិច ក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ ដែលមានអត្តសញ្ញាណខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សិប្បករ និងអ្នកផលិតក្នុងស្រុក ឱ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនភាពច្នៃប្រឌិតក្នុងការរចនា និងអភិវឌ្ឍផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់ទីផ្សារទេសចរណ៍ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងស្នាដៃសិល្បៈខ្មែរ។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបង្កើត បទពិសោធន៍ទេសចរណ៍បែបច្នៃប្រឌិត តាមរយៈការរៀបចំឱ្យភ្ញៀវទេសចរអាចទស្សនាដំណើរការផលិតសេរ៉ាម៉ិច ស្វែងយល់ពីជំនាញសិប្បកម្ម និងចូលរួមសាកល្បងផលិត ឬតុបតែងសេរ៉ាម៉ិចដោយផ្ទាល់ ដែលអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ បង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។

ដំណើរទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍ ផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ផលិតផល  “ផលិតនៅកម្ពុជា” ឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើរ​របស់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេស​ចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពធន់ និងចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here