ជប៉ុនបង្ហាញបំណងពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋការថ្មីរបស់លោកចូ បៃឌិន

ដោយ: សុខុម

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី២១ ខែមករានេះថា លោកមានបំណងចង់ពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋការថ្មីរបស់ប្រធានាធិបតី ចូ បៃឌិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ដែលបានដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន Sputnik។

កាលពីថ្ងៃទី២០ មករា លោក ចូ បៃឌិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការ។ ក្នុងសុន្ទរកថារបស់លោកពេលស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរូបនេះបានប្រកាសថា លោកប្ដេជ្ញាផ្ដោតយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាវិសមភាពពូជសាសន៍ ការស្ដារសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលផងដែរ។

លោក Yoshihide Suga បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយជាខ្លាំងដែលលោកប្រធានាធិបតី បៃឌិន និងលោកស្រីអនុប្រធានាធិបតី Harris [Kamala Harris] បានស្បថចូលកាន់តំណែង។ សុន្ទរកថារបស់លោក [បៃឌិន] ពោរពេលដោយអត្ថន័យខ្លឹមសារដែលអំពាវនាវឱ្យមានការផ្សះផ្សារជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា យើងនឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលោកប្រធានាធិបតីថ្មី ដើម្បីធានាថា មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក មានលក្ខណៈសេរី និងបើកចំហ ដើម្បីប្រយុទ្ធប្រឆាំង
វីរុសកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀតដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ។

លោកបានថ្លែងទៀតថា “ខ្ញុំសង្ឃឹមថានឹងអាចធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយលោកប្រធានធិបតីថ្មី និងពង្រឹងសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំថែមទៀត”។

នាយករដ្ឋមន្ត្រីជប៉ុន រូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលក្រុងតូក្យូ កំពុងសហការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លើការរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក និងលោក ចូ បៃឌិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here