ក្រសួងទេសចរណ៍ និង​ស្ថានទូត​បែលហ្សិក​ ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យទេសចរណ៍

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រសួងទេសចរណ៍ និងស្ថានទូតបែលហ្សិកប្រចាំកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការចូលរួមព្រឹត្តការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie)ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនី លើកទី២០ នៅរាជធានីភ្នំពេញ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅរាជធានីបាងកក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លើការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងការចូលរួម ព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនីលើកទី២០ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនបែលហ្សិក ដែលបានបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពនយោ​បាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងបានលើកឡើងពីយុទ្ធនាការ “Cambodia: Kingdom of Wonder, Feel the Warmth” និង “ទស្សនាកម្ពុជា នារដូវបៃតង” ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកអគ្គរាជទូតពីចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ច ក្នុងចំនួនគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេ​សទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាព ចុះអនុស្សរណៈយោគយល់ (MoU)ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀប​ចំ​ដំណើ​រទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេស​ចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ការរៀបចំវេទិកាវិនិយោគទេស​ចរណ៍កម្ពុជា–បែលហ្សិក និងការជំរុញកិច្ចសហការរវាងធុរកិច្ចនៃប្រទេ​សទាំងពីរ (B2B)ដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ដូចគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងបែលហ្សិកលើវិស័យជាច្រើន រួមទាំងការវិនិយោគរបស់ពលរដ្ឋបែលហ្សិក ព្រមទាំងវត្តមានប្រជាជនបែលហ្សិកនៅកម្ពុជា។

ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាល បែលហ្សិកជាមួយប្រតិភូសំខាន់ៗ នឹងចូលរួមក្នុងព្រឹត្តការណ៍អម គឺភូមិភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ខាងមុខនេះ ដែលក្រសួងទេសចរណ៍ទទួលបន្ទុករៀបចំ។

ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ និងបានចាប់ផ្តើមភ្ជាប់ជាថ្មីនៅឆ្នាំ១៩៩២ ដែលមានរយៈពេលជាង៣៤ឆ្នាំហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here