ADB នឹងបន្តគាំទ្រកម្ពុជាក្នុងស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩

ដោយ៖ សាវុធ

ភ្នំពេញ៖ លោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅជុំវិញពិភពលោក។

ការលើឡើងបែបនេះរបស់លោក Ahmed Muneeb Saeed បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការគោលនយោបាយសម្រាប់ កម្មវិធីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ជាមួយលោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ahmed Muneeb Saeed ឱ្យដឹងដែរថា ADB នឹងផ្តល់ការគាំទ្រលើ ៤ចំណុចរួមមានទី១ ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈការចាប់ផ្តើមការរៀបចំកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីនេះ ទី២ ការគ្រប់គ្រងតាមច្រកព្រំដែនដែលជាចំណុចសំខាន់ក្នុងការបញ្ជៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទី៣ ការការពារជនងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ និងទី៤ ការគ្រប់គ្រងវិបត្តិនៃការកើនឡើងតម្លៃចំណីអាហារ។

លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំរបស់យើងនាពេលនេះ មានគោលបំណងធ្វើការពិនិត្យ និងតាមដានវឌ្ឍនភាពរួមគ្នា ក្នុងការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់ សរុបប្រមាណ ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ។

លោកបានឱ្យដឹងថា តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថានឹងមានការថមថយ ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ទាំងលើសកម្មភាពផលិតកម្ម និងការប្រើប្រាស់ ព្រមទាំងការវិនិយោគ។

សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាពនៃការដាក់ចេញ វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១ នេះ។

លោក វង្សី វិស្សុត បានបន្តទៀតថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងរលកថ្មីនៃការរីករាលដាល នៃជំងឺនេះជាបន្តបន្ទាប់ទាំងនៅជុំវិញពិភពលោក និងនៅកម្ពុជា រហូតមកទល់នឹងនេះវាបានធ្វើឱ្យយើងកាន់តែស្គាល់ និងយល់ដឹងអំពីជំងឺនេះថែមទៀត ព្រមទាំងយើងអាចមានជម្រើសនៃការព្យាបាលជំងឺនេះ បានល្អជាងមុន ជាពិសេសយើងអាចដាក់ចេញនូវវិធានការឆ្លើយតបនឹងជំងឺនេះឱ្យកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោកបានបន្ថែមថា នៅពេលដែលកម្ពុជានឹងទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលខាងមុខនេះវាអាចនឹងជួយឱ្យកម្ពុជា ឈានឆ្ពោះទៅការលុបបំបាត់ជំងឺកូវីដ-១៩ និងអាចដំណើរការសេដ្ឋកិច្ចរបស់ខ្លួនបានពេញលេញឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here