ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពង្រឹងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
កិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដាន វឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទក្រសួងប្រមាណ៤០រូប។
ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចសំខាន់ៗក្នុងការប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានា ក្នុងវិស័យទេសចរណ៍ ព្រមទាំងទទួលពិនិត្យ អង្កេត ស្រាវជ្រាវ និងសម្របសម្រួល ដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារពីនីតិបុគ្គល និងរូបវន្តបុគ្គល ដែលអាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍៕








