អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ពីមូលហេតុក្នុងកាប្រមូលចំណូលបានលើស ផែនការទោះបីជួបវិបត្តិ

ដោយៈលក្ខិណា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា អគ្គនាយកដ្ឋានប្រមូលចំណូល បានលើសផែនការគ្រោងទុក នៅក្នុងឆ្នាំ២០២០  ខណៈឆ្នាំ២០២០ ជាឆ្នាំដ៏លំបាកមួយសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ដោយសារតែជាឆ្នាំដែលជួបនឹងវិបត្តិដោយសារតែកូវីដ១៩។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោកគង់ វិបុល បានមានប្រសាសន៍ ក្នុងកម្មវិធីផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២១ ខែមករា ២០២១នេះថា យើងដឹងហើយថាក្នុងឆ្នាំ២០២០ គឺជាឆ្នាំដែលមានទុក្ខលំបាក ដោយសារតែបញ្ហាកូវីដ១៩ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភពលោកទាំងមូល ក្នុងនោះ​ក៏មានកម្ពុជាផងដែរ ដែលបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះដល់-១,៩ភាគរយ។

លោកបានបន្តថា “ចំណូលផ្ទៃក្នុងរបស់ពន្ធដារ ដែលតាមការព្យាករណ៍ដំបូងអាចសម្រេចត្រឹមតែ៦២ ទៅ៦៥ភាគរយ នៃផែនការច្បាប់កំណត់ឆ្នាំ២០២០។ ក្នុងឆមាសទី២ អគ្គនាយកដ្ឋានព្យាករណ៍ជាថ្មីថា ចំណូលអាចសម្រេចបាន៧៥ភាគរយនៃផែនការ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់ វិបុលបានថ្លែងទៀតថា ជាលទ្ធផល នៅចុងឆ្នាំ២០២០ អគ្គនាយកដ្ឋានបូកសរុបតួលេខជាថ្មីបានឃើញថា លើសផែនការនៃច្បាប់កំណត់ ក្នុងឆ្នាំ២០២០ទៅទៀត គឺលើស១,៣៦ភាគរយ គិតជាទឹកប្រាក់ គឺលើសប្រមាណ១០០លានដុល្លារអាមេរិកឯណោះ។

លោកបន្តថា “នេះជាការភ្ញាក់ផ្អើលមួយ ដែលសេដ្ឋកិច្ចជួបទុក្ខលំបាកហើយ តែចំណូលផ្ទៃក្នុងបែរជាលើសផែនការ ហើយប្រហែលមានតែកម្ពុជាទេ ដែលើសផែនការបែបនេះ ក្នុងពេលប្រទេសដទៃទៀតជួបប្រទះនឹងបញ្ហាដូចកម្ពុជាដែរ”។

លោកគង់ វិបុលបានបន្ថែមថា មូលហេតុដែលធ្វើឱ្យចំណូលពន្ធដារ នៅតែមានកំណើនក្នុងពេលជួបវិបត្តិនេះ មានកត្តាច្រើន ទី១ គឺកំសួលនៃការបង់ពន្ធមកពីឆ្នាំចាស់ ដែលមានន័យថាអ្នកជាប់ព័ន្ធក្នុងឆ្នាំ២០១៩ មិនទាន់បានបំពេញកាតព្វកិច្ច គឺពួកគាត់មកបំពេញកាតព្វកិច្ចក្នុងឆ្នាំ២០២០។ ម្យ៉ាងទៀត អ្នករកស៊ីចំនេញកាលពីឆ្នាំ២០១៩ គឺមានភាពចាស់ទុំ និងយល់ដឹងពីកាតព្វកិច្ចបង់ពន្ធកាន់តែច្រើន បូករួមជាមួយនឹងមន្ត្រីពន្ធដារក៏ធ្វើមានប្រសិទ្ធភាពជាងមុនផងដែរ។

យោងតាមរបាយការណ៍របស់ពន្ធដារបានបង្ហាញថា ក្នុងឆ្នាំ២០២០ ស្ថាប័ននេះរកចំណូលបានជាង២៨៨៩លានដុល្លារអាមេរិក ស្មើនឹងជាង១០១ភាគរយ នៃច្បាប់ថវិកាកំណត់ក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here