ឥណទានក្នុងវិស័យធនាគារកើនឡើងដល់៣៧,៣ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើកើនដល់៣៣,៨ពាន់លានដុល្លារ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ វិស័យធនាគារបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទំហំឥណទាន និងទំហំប្រាក់បញ្ញើកើនឡើង។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីការអភិវឌ្ឍវិស័យធនាគារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ បានបង្ហាញថា ឆ្នាំ២០១៦ ឥណទានក្នុងវិស័យធនាគារស្មើនឹងប្រមាណ៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងប្រាក់បញ្ញើមានប្រមាណ៧៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្នាំ២០១៧ ឥណទានបានកើនឡើង៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយប្រាក់បញ្ញើក៏បានកើនឡើងដល់៨៦ភាគរយនៃផលិតផលក្នុងស្រុកសរុប។ រហូតមកដល់ឆ្នាំ២០២០ ទ្រព្យសកម្មសរុបនៃវិស័យធនាគារមានរហូតដល់១៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ឥណទានមានប្រមាណ១១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប និងប្រាក់បញ្ញើមាន១១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។

របាយការណ៍បង្ហាញថា ឥណទានអតិថិជនក្នុងឆ្នាំ២០២០ បានកើនឡើងប្រមាន១៤,៨ភាគរយ គិតជាទឹកប្រាក់៣៧,៣ពាន់លានដុល្លារ ប្រាក់បញ្ញើអតិថិជនមានកំណើន១៥,៤ភាគរយ កើនឡើងដល់៣៣,៨ពាន់លានដុល្លារអាមេរិក ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន១៥,៧ភាគរយ កើនឡើងដល់៥៩,៤ពាន់លានដុល្លារ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានមានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជា ជួបវិបត្តិដោយសារកូវីដ១៩ ក្ដី តែវិស័យធនាគារបានហែលឆ្លងផុតក្នុងវិបត្តិនេះដោយចូលមកកាន់ឆ្នាំ២០២១។

លោកបណ្ឌិតបន្ថែមថា ក្នុងឆ្នាំ ២០២០ ធនាគារទាំងអស់ឃើញថានៅតែមានប្រាក់ចំណេញ តែប្រាក់ចំណេញនោះមិនច្រើនទេ ជាក់ស្ដែងធនាគារអេស៊ីលីដា ក៏មានការរីកលូតលាស់ប្រមាណ១៥ភាគរយដែរក្នុងឆ្នាំ២០២០។ ការរីកលូតលាស់នេះ គឺបានមកពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដូចជាការជួយអនុគ្រោះនានាដល់ប្រតិបត្តិករធនាគារ និងការរៀបចំឥណទានឡើងវិញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here