លោកដូណាល់ ត្រាំឆ្លៀតផ្ដាំផ្ញើឱ្យជួយបន់ស្រន់ជំនួសរដ្ឋការថ្មីរបស់ចូ បៃឌិន មុនចុះចេញពីអំណាច

ដោយៈសុខុម

វ៉ាស៊ីនតោន:ថ្លែងទៅកាន់ពលរដ្ឋអាមេរិក ក្នុងឱកាសលាគ្នាជាចុងក្រោយ ក្នុងឋានៈជាប្រធានាធិបតី លោកដូណាល់ ត្រាំ បានឆ្លៀតផ្ដាំផ្ញើឱ្យជួយបន់ស្រន់ជំនួសរដ្ឋការថ្មីរប​ស់​ប្រធានាធិបតីទើបជាប់ឆ្នោត ចូ បៃឌិន ប៉ុន្តែមិនបានបញ្ចេញចំឈ្មោះនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២០ មករា នេះ។

ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែងតាមវីដេអូដូច្នេះថា “សប្ដាហ៍នេះ យើងនឹងមានរដ្ឋការថ្មីចូលកាន់អំណាច ហើយយើងសូមបន់ស្រន់ឱ្យរដ្ឋការនេះជោគជ័យនៅក្នុងការរក្សាឱ្យអាមេរិក មានសុវត្ថិភាព និងសម្បូរសប្បាយ”។លោកបន្ត​ថា “ យើងសូមជូនពរ ហើយយើងក៏ចង់ឱ្យពួកគេមានសំណាងល្អដែរ នេះជាពាក្យពេចន៍ដ៏សំខាន់”។

លោកដូណាល់ ត្រាំ មិនបានទទួលស្គាល់ការចុះចាញ់ទាំងស្រុង ចំពោះលោក ចូ បៃឌិន មកពីគណបក្សប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីជិតចប់អាណត្តិរូបនេះ នឹងមិនជួបជាមួយលោកចូ បៃឌិន មុនពេលគណបក្សប្រជាធិបតេយ្យ ចូលកាន់អំណាចជាផ្លូវការនៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃពុធ (ម៉ោងនៅអាមេរិក) ដែលត្រូវជាថ្ងៃព្រហស្បតិ៍ម៉ោង១រំលងអធ្រាត្រ ម៉ោងនៅប្រទេសសិង្ហបុរី នោះឡើយ ហើយលោកគ្រោងធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា ដែលតាមការរំពឹងថាលោកនឹងរស់នៅទីនោះ ក្រោយអស់អំណាច។

កាលពីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថានឹង “ធ្វើឱ្យអាមេរិក អស្ចារ្យឡើងវិញ” ប៉ុន្តែជាលទ្ធផលលោកត្រូវចុះចេញពីតំណែងទាំងដែលពលរដ្ឋរហូតដល់ទៅ៤០០.០០០នាក់ បាត់បង់ជីវិតដោយសារការឆ្លងវីរុសកូវីដ-១៩ សេដ្ឋកិច្ចធ្លាក់ដុនដាបដោយសារការឆ្លងរាតត្បាត ហើយទំនាក់ទំនងជាមួយបណ្ដាសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋងាមេរិក ក៏មានភាពល្អក់កករ។

លោកដូណាល់ ត្រាំថ្លែងថា “គ្រោះថ្នាក់ធំបំផុតដែលយើងប្រឈម គឺការបាត់បង់ទំនុកចិត្តលើខ្លួនឯង ការបាត់បង់ទំនុកចិត្តលើភាពអស្ចារ្យនៃជាតិរបស់យើង”។

រយៈពេលប៉ុន្មានខែមកនេះ លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានភ័ស្តុតាងថា ការបោះឆ្នោតត្រូវបានលួចបន្លំដែលធ្វើឱ្យលោកចាញ់ ហើយថែមទាំងបានដាក់សម្ពាធឱ្យក្រុមមន្ត្រីកែប្រែលទ្ធផលបោះឆ្នោតទៀតផង។

នៅក្នុងពិធីជួបជុំមួយក្បែរសេតវិមាន កាលពីថ្ងៃទី៦ ខែមករា លោកដូណាល់ ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់លោក ហែរក្បួនតវ៉ាទៅកាន់វិមានរដ្ឋសភាកាពីតូល ខណៈពេលក្រុមសមាជិកសភា កំពុងបញ្ជាក់ពីការទទួលជ័យជម្នះរបស់លោក ចូ បៃឌិន បណ្ដា​លឱ្យមនុស្ស៥នាក់បាត់បង់ជីវិតដោយសារផ្ទុះអំពើហិង្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here