ឥណ្ឌាបង្ហាញពីឆន្ទៈក្នុងការវិនិយោគនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរបស់វិនិយោគិនឥណ្ឌានៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការប្ដេជ្ញាចិត្តនៅក្នុងការពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការជាដើម។

លោកស្រីបានប្តេជ្ញាថា នឹងខិតខំជំរុញដល់វិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ មិនតែប៉ុណ្ណោះ ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចអគ្គមហាពញាចក្រីហេង សំរិនបានលើកឡើងថា បេសកកម្មរបស់លោកស្រី នៅកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកថា កម្ពុជា សូមស្វាគមន៍ចំពោះគ្រប់វិនិយោគិនមកពីគ្រប់ទិសទី ដែលមានបំណងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជាក៏ត្រៀមមន្ត្រីជំនាញដើម្បីសម្រួលការងារវិនិយោគដល់វិនិយោគិនបរទេសទាំងឡាយ រួមទាំងវិនិយោគិនក្នុងស្រុកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here