ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី ការធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដល់មន្រ្តីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តំណាងលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលត្រូវបានផ្តល់កិត្តិយសអញ្ជើញធ្វើជាវាគ្មិនពី លោកនឹម សុធា អនុរដ្ឋលេខាធិការ ក្រុមការងារតំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមការងារតំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពងផែ ធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមាន៖ ១).ការផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងអត្ថប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវទឹក និងចុះបញ្ជីនាវានៅអង្គភាពច្រកចេញចូលតែមួយ។
២).ចុះបញ្ជីនាវានៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក) ៣).វឌ្ឍនភាព និងស្ថានភាពនៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មពីរនៅតាមច្រកផ្តល់សេវា និងបណ្ណបើកបរទម្រង់ឌីជីថល ៤).ការចុះបញ្ជីយានយន្ត ប្តូរទុតិយតា តតិយតាបណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានយន្ត និង៥). ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក៕










