ផ្សារភាគហ៊ុនក្រុងហុងកុងហក់ឡើងខ្ពស់មិនធ្លាប់មាន បន្ទាប់ពីក្រុមវិនិយោគិនពីចិនដីគោកសម្រុកទិញ

ដោយ: សុខុម

សៀងហៃ: កាលពីថ្ងៃអង្គារ ទី១៩ មករា ផ្សារភាគហ៊ុនក្រុងហុងកុង បានហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេល ២០ ខែ ដោយសារតែបណ្ដាវិនិយោគិនមកពីចិនដីគោក (ចិនប៉េកាំង) សម្រុកទិញយកភាគហ៊ុននៅក្នុងទីផ្សារហិរញ្ញវត្ថុអាស៊ីមួយនេះ។ នេះបើតាមសារព័ត៌មាន The Edge Markets ចុះផ្សាយក្នុងថ្ងៃដដែល។

សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index បានហក់ឡើង៤% ដល់២៩.៧៤៦,១៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩មក ខណៈសន្ទស្សន៍ផ្សារភាគហ៊ុនមួយទៀតរបស់ទីក្រុងនេះ Hong Kong China Enterprises Index បានហក់ឡើង២,៩% ដល់១១.៧៩៦,២៨ ពិន្ទុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Steven Leung នាយកប្រតិបត្តិធនាគារសិង្ហបុរី UOB Kay Hian បានលើកឡើងថា ភាគហ៊ុនប្រភេទ A-H Premium ធ្វើឱ្យមូលធន (Equity) ក្រុងហុងកុង ទាក់ទាញបានវិនិយោគិនចិនដីគោកយ៉ាងច្រើន។

យោងតាមទិន្នន័យរបស់ HKEX និង Refinitiv បង្ហាញថា ក្រុមវិនិយោគិនមកពីចិនដីគោក បានទិញយកភាគហ៊ុនក្រុងហុងកុង ក្នុងទំហំទឹកប្រាក់១៨,៩ពាន់លានយ័ន (២,៩១ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃអង្គារ ទី១៩ មករា តាមរយៈកម្មវិធី Stock Connect ដែលភ្ជាប់ចិនដីគោក និងក្រុងហុងកុង បន្ទាប់ពីបានទិញយកភាគហ៊ុនក្នុងទំហំទឹកប្រាក់២៣ពាន់លានដុល្លារហុងកុង (២,៩៧ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃចន្ទ ទី១៨ មករា។

ក្រុមហ៊ុន Essence International បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំមកនេះ ទីផ្សារភាគហ៊ុនក្រុងហុងកុង មិនសូវទទួលបានប្រាក់ចំណេញពីភាគហ៊ុនប្រភេទ A-Share និងភាគហ៊ុនអាមេរិកនោះឡើយ ហើយការសម្រុកទិញរបស់ក្រុមវិនិយោគិនចិនដីគោក នៅពេលនេះ ត្រូវបានរំពឹងថានឹងធ្វើឱ្យតម្លៃភាគហ៊ុនក្រុងហុងកុង ឡើងថ្លៃខ្ពស់ និងទទួលបានប្រាក់ចំណេញច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here