តម្លៃដីធ្លីនៅខេត្តត្បូងឃ្មុំកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ តម្លៃដីធ្លីនៅខេត្តត្បូងឃ្មុំ ពិសេសនៅជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំ មានការកើនឡើងគួរឱ្យកត់សម្គាល់រយៈពេលចុងក្រោយនេះ ខណៈវិនិយោគិនស្រុកចាប់ផ្តើមសម្លឹងរកការបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ។

លោកស៊ាក ឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានថ្លែងនៅក្នុងសន្និសីទ ស្តីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងការងារបន្តខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្ន តម្លៃដីធ្លីនៅខេត្តត្បូងឃ្មុំ ពិសេសនៅជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយសារខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “ដីឡើងថ្លៃនៅជុំវិញរដ្ឋបាលខេត្ត ហើយតម្លៃដីប្រភេទចម្ការកៅស៊ូ មានតម្លៃចាប់១៥ ទៅ១៦ម៉ឺនដុល្លារក្នុងមួយហិកតា ហើយតម្លៃនេះ បើសិនជាយកទៅពុះឡូតិ៍វិញ វាអាចមានតម្លៃថ្លៃជាងនេះទៅទៀត”។

លោកបានថ្លែងថា “តម្លៃដី ដែលមិនមែនជាដីប្រភេទចម្ការកៅស៊ូ នៅជុំវិញសាលារដ្ឋបាលខេត្ត មានតម្លៃដល់ជាង៣០០០ដុល្លារ (គិតជាម៉ែត្រដើរ)”។ លោកបន្តថា តម្លៃដីទាំងនេះ កើនឡើង បើធៀបនឹងឆ្នាំមុនៗ។

លោកបានថ្លែងទៀតថា បច្ចុប្បន្នមានវិនិយោគិនស្រុកជាមួយ ចាប់ផ្តើមបង្ហាញការចាប់អារម្មណ៍ លើការវិនិយោគលើវិស័យដីធ្លីនៅខេត្ត។ ជាមួយគ្នានេះ លោកបានអំពាវនាវវិនិយោគក្នុងស្រុក និងក្រៅសុ្រក ឱ្យចូលរួមវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្កើតការងារដល់ប្រជាជននៅក្នុងតំបន់ និងជំរុញចលនាប្រជាជន ឱ្យចូលទៅរស់នៅខេត្តបន្ថែម។

ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើង និងបំបែកចេញពីខេត្តកំពង់ចាមនៅឆ្នាំ២០១៤ ហើយខេត្តត្បូងឃ្មុំមានចំនួន៦ស្រុក និងមួយក្រុង ហើយនិងមាន៦២ឃុំ និង២សង្កាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here