រដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ ដើម្បីបង្កើនការប្រមូលចំណូលពន្ធដារនិងគយ

ដោយ៖ សាវុធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការមុខងារសន្ធានកម្ម (ការភ្ជាប់) ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអង្គភាពទាំង២ជាផ្លូវការ ដើម្បីពង្រឹងការគ្រប់គ្រង និងបង្កើនការប្រមូលចំណូលពន្ធដារ និងចំណូលពន្ធគយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ពិធីប្រកាសនេះធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យជូ វិជិត្តរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោកគុណ ញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុលោមតាមអនុសាសន៍ណែនាំ របស់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសហការ និងសម្របសម្រួលក្នុងការផ្តល់ជូនគ្នា ទៅវិញទៅមកនូវព័ត៌មាន និងទិន្នន័យ ដែលអាចបម្រើឱ្យការសិក្សាវិភាគ លើកវិធានការពង្រឹងការគ្រប់គ្រង និងបង្កើនការប្រមូលចំណូលពន្ធដារ និងចំណូលពន្ធគយ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាចូលរួមពង្រឹងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើគេចវេសពន្ធនានា។

ការដាក់ឱ្យដំណើរការ នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលនេះ បានបង្ហាញពីវឌ្ឍនភាពថ្មី នៃការចាប់យកនូវសក្តានុពល និងកាលានុវត្តនៃបច្ចេកវិទ្យា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ឱ្យកាន់តែល្អប្រសើរបន្ថែម រវាងអគ្គនាយកដ្ឋានទាំងពីរ លើការចែករំលែកទិន្នន័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយធ្វើទំនើបកម្មភាពទាន់សម័យ ទាន់សភាពការណ៍នៃកំណើនសេដ្ឋកិច្ច និងកាន់តែច្បាស់លាស់ នៃព័ត៌មានទិន្នន័យ ស្របតាមកម្មវិធីកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ក៏ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការជំរុញរដ្ឋាភិបាលអេឡិកត្រូនិក (e-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកប ដោយប្រសិទ្ធិភាពផងដែរ ទៅនឹងការសម្រួលផ្នែកធុរកិច្ច (ease of doing business) ផង លើកតម្កើងឲ្យមានភាពស្មើគ្នា នៃការវិនិយោគផង ព្រមទាំងឆ្លើយតប ទៅនឹងផលប៉ះពាល់ ពីជំងឺផ្លូវដង្ហើមបណ្តាលមកពីមេរោគកូវីដ-១៩ ដែលតម្រូវឲ្យរក្សាគម្លាតសង្គម និងកាត់បន្ថយការជួបជុំគ្នា។

ក្រុមការងារបច្ចេកទេស តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម បានអភិវឌ្ឍ និងរៀបចំលក្ខណៈបច្ចេកទេសរួចរាល់ជាស្ថាពរ ដោយបានដាក់ឲ្យដំណើរការសាកល្បង (Soft Launching) នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានទាំងពីរ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

មុខងារសន្ធានកម្មនេះ នឹងអនុញ្ញាតឲ្យអគ្គនាយកដ្ឋានទាំងពីរ អាចទាញយកទិន្នន័យចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្របតាមតម្រូវការភ្លាមៗ ប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here