ក្រសួង​បើក​យុទ្ធនាការ​បណ្តុះបណ្តាល​ និង​ប្រឡង​យក​បណ្ណ​បើក​បរ​យាន​យន្តដល់​អ្នក​បើក​បរ​ម៉ូតូ​កង់បី​

ដោយៈ ម៉ាលៃ

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិក ដៃគូបើកបររបស់ ផាសអ៊ែប ថេកណឡជី ឯ.ក។

កិច្ចប្រជុំនេះមានការចូលរួមពីម​ន្រ្តីពាក់ព័ន្ធ លោកស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាសអ៊ែប និងសហការី មន្ត្រីពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុន ផាសអ៊ែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធនាការបណ្តុះបណ្តាលនេះ ជាយុទ្ធនាការលើកដំបូងរៀបចំឡើងក្រោមកិច្ចសហការយ៉ាងស្អិតរមួត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ជាសេនាធិការ និងក្រុមហ៊ុនផាសអ៊ែប ជូនដល់សិក្ខាកាមជាអ្នកបើកបរម៉ូតូកង់បី របស់ក្រុមហ៊ុន ផាសអ៊ែបចំនួនសរុបប្រមាណ៣០០នាក់ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ជូនទៅបងប្អូនដែលជាអ្នកបើកបរម៉ូតូកង់បី អំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការផ្តល់បទពិសោធន៍ ធ្វើដំណើរកាន់តែល្អប្រសើរជូនសាធារណជន និងដើម្បីត្រៀមខ្លួនក្នុងការប្រឡងយក បណ្ណបើកបរត្រឹមត្រូវស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ថ្លែងក្នុងពិធីបើកយុទ្ធនាការបណ្តុះបណ្តាលនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០% ក្នុងរយៈពេល១០ឆ្នាំ (២០២១-២០៣០) ស្របតាមផែនការជាតិទសវត្សរ៍ សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។

ដូច្នេះ កម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធនាការជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យអ្នកបើកបរម៉ូតូកង់បី ដែលជាផ្នែកមួយ នៃប្រព័ន្ធដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ប្រកបរបរប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្តិភាពរបស់អ្នកធ្វើដំណើរផងដែរ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការបណ្តុះបណ្តាលនេះ នឹងបានជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ប្រកបដោយស្មារតី ម្ចាស់ការ ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព ក្នុងការធ្វើដំណើរនៅលើដងផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here