ក្រុម​មន្រ្តី​អន្តរ​ក្រសួង​ទទួល​បន្ទុក​ការងារ​សមាហរណកម្ម​ និង​ទំនើប​កម្ម​បណ្ណសារ​ដ្ឋាន​ជាតិ​និង​បណ្ណាល័យ​ជាតិ​បើក​កិច្ច​ប្រជុំ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តី ទីស្តីការគណរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជាអនុប្រធាន ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសា​សន៍ថា ថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១ របស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ ដែលបង្កើតឡើងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤២​ សសរ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដែលមានភារកិច្ចធ្វើសមាហរណកម្មបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ និងពិនិត្យ សិក្សា លើកយោបល់ និងរៀបចំក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការមេធ្វើទំនើបកម្ម នៃបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ ពិតជាមានសារៈសំខាន់ សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ ការកសាង និងការអភិវឌ្ឍជាតិ ព្រមទាំងជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវសិក្សា និងការបណ្តុះធនធានមនុស្ស និងម្ខាងទៀត គឺសម្រាប់ការរក្សាទុកដាក់ថែរក្សា នូវឯកសារជាតិសំខាន់ៗដែលមានតម្លៃជាបេតិកភណ្ឌជាតិ មិនអាចកាត់ថ្លៃបាន ហើយជាដួងព្រលឹងនិងជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ, រដ្ឋបាល, និងច្បាប់។

ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្ថាប័នបងប្អូនទាំងពីរ ដែលស្ថិតនៅក្រោមដំបូលតែមួយនេះ មានមុខងារម្ខាងការពារការចងចាំរបស់ជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងទៅកាន់អនាគតកាល ក្នុងយុគសម័យឌីជីថល ដើម្បីបម្រើឱ្យការស្រាវជ្រាវ ការអប់រំ និងការអភិវឌ្ឍសមត្ថភាព របស់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យសង្គម -សេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here