ដោយៈ ម៉ាណា
ប៉ារីសៈ រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ជំនួបនេះធ្វើឡើង ក្នុងឱកាសលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
លោកក៏បានបង្ហាញពីតួនាទី និងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពាន សម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់ លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។
ក្នុងនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ និងអគ្គនាយក បានផ្លាស់ប្តូរយោបល់អំពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ច របស់លោកអគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក៕







